header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេឈ្មួញម្នាក់ឈ្មោះ ស្រ៊ន ចន្ធី អ្នកនាំទំនិញចាប់ហួយ និងនំស្រួយម៉ាក ហានាម៉ី ដែលនគរបាលសេដ្ឋកិច្ចអះអាងថា ជាទំនិញក្លែងក្លាយ គ្មានសុវត្ថិភាព ប៉ះពាល់ដល់សុខភាព ពីប្រទេសវៀតណាម​ចូលមកកម្ពុជាល្មើសច្បាប់នោះ ត្រូវបានចាប់ខ្លួន ព្រមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីចាត់ការ​តាមផ្លូវច្បាប់ ។

ប៉ុន្តែទោះបីយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋ ហាក់គ្មានជំនឿថា ឈ្មួញល្មើសច្បាប់រូបនេះ អាចជាប់ក្នុងសំណាញ់ច្បាប់​បានយូរនោះទេ គឺប្រាកដជារត់ការ ស្វែងរកអន្តរាគមន៍តាមរយៈទឹកលុយ ដោះលែងឲ្យមានសេរីភាពវិញមិនខាន ។

ឈ្មួញឈ្មោះ ស្រ៊ន ចន្ធី នេះ មិនដឹងថា បានធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋខ្មែរក្នុងកម្រិតធ្ងន់ធ្ងរប៉ុនណានោះទេ ជាពិសេសគឺកុមារកម្ពុជា​តែម្តង ដែលនិយមញាំនំស្រួយម៉ាក ហានាម៉ី នាពេលកន្លងមក ។ វាគ្មានសុវត្ថិភាពចំណីអាហារ សង្ស័យផ្ទុកសារធាតុគីមីយ៉ាងគឃ្លើនថែមទៀតផង​ដែលត្រូវបាន ស្រ៊ន ចន្ធី នាំចូលមកកម្ពុជា ព្រោះតែស្រេកឃ្លានប្រយោជន៍សួនតួបុគ្គលផ្ទាល់ខ្លួន មិនញញើតនឹងការប្រព្រឹត្តល្មើសច្បាប់ ។ ​មជ្ឈដ្ឋានប្រជាពលរដ្ឋសង្ឃឹមថា អ្នកអនុវត្តច្បាប់​ពាក់ព័ន្ធ នឹងមិនលើកលែងចំពោះឈ្មួញ​ដែលរកស៊ី​ល្មើសច្បាប់ ដូចករណីស្រ៊ន ចន្ធី នេះឡើយ ។ 

សូមបញ្ជាក់ថា ទំនិញចាប់ហួយ និងនំស្រួយម៉ាក ហានាមុី ក្លែងក្លាយនាំចូលពីប្រទេសវៀតណាម ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកោះធំ ដោយបានការសម្របសម្រួលនីតិវិធីពីសំណាក់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានចុះបើកប្រតិបត្តិការចាប់បង្ក្រាបទំនិញចាប់ហួយ និងនំស្រូយក្លែងក្លាយ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលទទួលបានសិទ្ទិលក់ផ្តាច់មុខទូទាំងប្រទេស ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទីតាំងមួយទៀតចំណុចភូមិខ្ពម ឃុំសំពៅពូន ស្រុកកោះធំ ។

ម្ចាស់ទំនិញឈ្មោះ ស៊្រន ចន្ធី ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំសំពោពូន ស្រុកកោះធំ មានស្រុកកំណើតនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្ត ចំនួន៣គ្រឿង (ម៉ាកហុីយាន់ដាយ២គ្រឿង និងរថយន្តកូរ៉េ១គ្រឿង) នំស្រួយម៉ាក RUAPUAN ផលិតនៅប្រទេសវៀតណាមចំនួន១៦៨កេស ស្មើ និង២០១៦០កញ្ចប់តូច ដំណាប់ដូងម៉ាក មិញចូវ ផលិតនៅប្រទសវៀតណាម ៤៨កេស ស្មើ២០០កញ្ចប់ ចាប់ហ៊ួយដូងម៉ាក SONGLONG ចំនួន៣កេស ស្មើ៤៨កំប៉ុង និងនំចម្រុះជាច្រើនផ្សេងទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post