រិទ្ធី

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) នាពេលថ្មីៗនេះ បានអញ្ជើញដឹកនាំគណៈកម្មការអន្ដរក្រសួងចុះត្រួតពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានមានប្រសាសន៍ថា៖ ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុង​ការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ឯកឧត្តម ថោង ខុន បាន​បញ្ជាក់ថា៖ បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន បាន​ឈានដល់​ចំណុចកំពូល​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ ចិន​គឺជា​ដៃគូ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ទាំង​ផ្នែក​អចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ប្រៀបដូចជា​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ​​។

ប៉ុន្តែ​បច្ចុប្បន្ន​ចិន​គេ​ប្រើពាក្យ​មួយ​ថា កម្ពុជា​ជា​មិត្ត​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ និង​រឹងមាំ​ជា​រៀងរហូត​»​។ ការលើកឡើង​របស់លោក ថោង ខុន បែបនេះ​គឺ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​សួរ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​នាពេល​បច្ចុប្បន្ន​។ 

​ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានជំនឿថា មិត្តភាព​រវាង​កម្ពុជា​-​ចិន នឹង​រឹងមាំ គ្មាន​ថ្ងៃ​ប្រែប្រួល​នាពេល​អនាគត​។ ​

​សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ បែងចែកការសាងសង់ជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ នៅឡើយដំណាក់កាលទី២ ដែលកំពុងដំណើរការសាងសង់ គឺកីឡដ្ឋានធំ ដែលអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៦០,០០០នាក់ និងមានច្រកជម្លៀសអ្នកគាំទ្រពេលមានអាសន្នក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ។

កីឡដ្ឋាននេះ មានតម្លៃប្រមាណ ១៥៧លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិន ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ បន្ទាប់មកទើបបន្ដការសាងសង់ដំណាក់កាលទី៣ នូវទីលានមួយចំនួនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post