រិទ្ធី

លោក កឹម សុខា ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។ ចាំបាច់ ត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់ ពីក្រញ៉ាំលោក ហ៊ុន សែន។ លោក ហ៊ុន សែន នេះ ចង់តែបំផ្លាញគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សមរង្ស៊ី ជាថ្នាក់ដឹកនាំ និងជានិមិត្តរូប។ នេះជាការបញ្ជាក់របស់ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក។

លោក សម រង្ស៊ី ដែលនិរទ្ទេសនៅបរទេសបានអះអាងថា៖ ដោយសារតែ លោក កឹម សុខា កំពុងជាប់ក្នុងក្រញ៉ាំលោក ហ៊ុន សែន លោក ហ៊ុន សែននេះ កំពុងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីកម្ចាត់លោក កឹម សុខា តាមផ្លូវកាយ និងតាមផ្លូវចិត្ត មានទាំងផ្លូវងងឹតផងដែរ។ លោក ហ៊ុន សែន ចង់កម្ចាត់លោក កឹម សុខា យ៉ាងងាយស្រួល ពីព្រោះលោក កឹម សុខា ពេលនេះ ស្ថិតក្នុងកណ្តាប់ដៃគាត់ ហើយគាត់ដឹងថាលោក កឹម សុខា ជាគន្លឹះសម្រាប់ការពារនិងបន្តអំណាចរបស់គាត់។

លោក សម រង្ស៊ី បានចោទប្រកាន់ថា សម្តេច ហ៊ុន សែន រឹតតែចង់កម្ចាត់គណបក្សសង្គ្រោះជាតិថែមទៀត ក្រោយពីគាត់ទទួលបរាជ័យ ក្នុងការបោះឆ្នោតថ្ងៃ ២៩ កក្កដា កន្លងទៅនេះ ត្រង់គាត់ប៉ុនប៉ង ជំរុញគណបក្សតូចៗមួយចំនួន ឱ្យរៀបចំខ្លួនធ្វើជាគណបក្សប្រឆាំងក្លែងក្លាយ ដើម្បីជំនួសគណបក្សសង្គ្រោះជាតិ ដែលគាត់បានរំលាយលើក្រដាសរួចទៅហើយ។ តែគណបក្សតូចៗទាំងនោះ ដែលយើងហៅថាគណបក្សអំពិលអំពែក បានរលត់ទៅវិញអស់ហើយ គ្មានបានជាការអ្វីទេសម្រាប់លោក ហ៊ុន សែន។

មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដែលនៅជាគណបក្សប្រឆាំងពិតប្រាកដ ក្នុងបេះដូងប្រជារាស្ត្រខ្មែរ។ នេះជាហេតុធ្វើឲ្យលោក ហ៊ុន សែន ក្តៅក្រហាយយ៉ាងខ្លាំង ហើយរឹតតែចង់កម្ចាត់គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ថែមទៀត។

លោក សម រង្ស៊ី ថាកម្លាំង និងភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិ ស្ថិតលើឯកភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ដូច្នេះហើយបានជាលោក ហ៊ុន សែន ប៉ុនប៉ង ឥតឈប់ឈរ បំបែកឯកភាព រវាងលោក កឹម សុខា និងលោក សម រង្ស៊ី នេះ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ប៉ុន្តែ គាត់ (សម្តេច ហ៊ុន សែន) មិនអាចបំបែកលោក កឹម សុខា ពីលោក សម រង្ស៊ី បានទេ ទើបប្រើល្បិចថោកទាបមួយទៀត គឺចាប់ឃុំឃាំងលោក កឹម សុខា ក្រោមលេស "ក្បត់ជាតិ" ដែលគ្មាននរណាជឿទាល់តែសោះ។

ទោះជាយ៉ាងណាក៏ ប្រធានចលនាសង្គ្រោះជាតិរូបនេះ គ្មានសង្ឃឹមថាសម្តេច ហ៊ុន សែន ដោះលែងលោក កឹម សុខា ទេ ពីព្រោះគាត់ខ្លាចលោក កឹម សុខា មកជួបលោក សមរង្ស៊ី នៅឯបរទេស ហើយខ្លាចមានចាប់ដៃគ្នាឡើងវិញ ហើយប្រកាសនិងបញ្ជាក់ ពីឯកភាពនៃគណបក្សសង្គ្រោះជាតិ ពីប្រទេសសេរីណាមួយក្នុងពិភពលោក។

តាមរយៈសំណេរដ៏វែងសន្លាយនេះបន្តថា៖ ការស៊ើបអង្កេត ជុំវិញការចោទប្រកាន់លោក កឹម សុខា ពីបទ "ក្បត់ជាតិ គឺគ្មានបានរកឃើញអ្វីជាក់ស្តែងទេ ពីព្រោះជាការចោទប្រកាន់គ្មានមូលដ្ឋានអ្វីទាល់តែសោះ គ្មានភស្តុតាងអ្វីពិតប្រាកដ ដែលអាចយកមកសំអាងបានទេ។

ចុងបញ្ចប់ លោក សម រង្ស៊ី ព្រមានទៅសម្តេច ហ៊ុន សែន ហើយប្រាប់ពិភពលោកទាំងមូលថា ត្រូវចាត់ទុកសម្តេច ហ៊ុន សែន ជាឃាតករ បើមាន "គ្រោះថ្នាក់" ណាមួយ កើតឡើងចំពោះលោក កឹម សុខា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor