អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ប៉ូលិសជាច្រើនរូប ត្រូវបានដាក់ពង្រាយដើម្បីបើកទ្វារ និងការពារឲ្យពលរដ្ឋចូលលេងក្នុងកាស៊ីណូមួយកន្លែង ដែលមានយីហោ “ឃ្វីន” នៅស្រុកកំរៀង ខេត្តបាត់ដំបង។ កាស៊ីណូនេះ បច្ចុប្បន្នក៏កំពុងតែបំផ្លាញអនាគតពលរដ្ឋខ្មែរ និងបង្កភាពអសន្តិសុខសង្គម។

ជុំវិញដែលមានការស៊ីណូនៅកណ្តាលទីប្រជុំជន លោកវរសេនីយ៍ឯក​ គីម​ ពន្លក​ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានថ្លែងតាមទូរស័ព្ទថា​ កាស៊ីណូនេះ កន្លងមកត្រូវបានអាជ្ញាធរបិទម្តងរួចមកហើយ ដោយសារតែមិនមានឯកសារគ្រប់គ្រាន់។ តែបិទមិនបានមួយដង្ហើមចង្រិតផង ក៏ចាប់ផ្តើមបើកជាថ្មី ដែលមានអគារប្រណីតជាមុន។ លោកថា កាស៊ីណូនេះ មានច្បាប់ត្រឹមត្រូវ តែមិនអនុញ្ញតឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងទេ គឺបើកសម្រាប់ជនបរទេសតែប៉ុណ្ណោះ។

អ្នករកស៊ីក្បែរកាស៊ីណូឃ្វីន បាននិយាយថា​ ជារៀងរាល់ថ្ងៃ គេហាក់មិនដែលឃើញជនបរទេសចូលលេងទេ សូម្បីតែពលរដ្ឋថៃ ដែលមានព្រំដែនជាប់គ្នាក៏មិនដែលចូលលេងដែរ​ គឺឃើញតែពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេងតែម្ដង។ ខ្លះក៏មកពីចម្ងាយ ខ្លះក៏មានទីលំនៅក្នុងមូលដ្ឋានស្រុកតែម្ដង។

ពួកគាត់បញ្ជាក់ថា​ មានបងប្អូនពលរដ្ឋខ្មែរយើងខ្លះ ក្រោយពីចូលទៅលេងចាញ់អស់ ពេលចេញមកវិញ ក៏មានការឈ្លោះប្រកែកគ្នា រវាប្តីប្រពន្ធរហូតខ្លះកើតជាអំពើហិង្សាកាប់ចាក់គ្នា​។ មួយវិញទៀត ពួកគាត់ពិតជាមិនចង់ឲ្យកើតមានកាស៊ីណូនៅកណ្តាលស្រុកនេះទេ​ ដោយសារពួកគាត់ពិតជាមានការព្រួយបារម្ភ​ខ្លាំង ព្រោះតាំងពីមានកាស៊ីណូនេះមក គឺបាត់បង់អស់សណ្តាប់​ធ្នាប់ កើតចោរលួចប្លន់​កាន់តែច្រើន បងតូចបងធំ​ ការជួញដូរគ្រឿងញៀន កើតមានរាល់ថ្ងៃ​។

បងប្អូនប្រជា​ពលរដ្ឋ ពួកគាត់បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាពិនិត្យឡើងវិញ ចំពោះកាស៊ីណូមួយនេះ ព្រោះការបើកឲ្យខ្មែរ ចូលលេង មិនមានផលល្អសម្រាប់ពលរដ្ឋខ្មែរ និងសន្តិសុខសង្គមឡើយ។

លោកអធិការស្រុកកំរៀង បញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋខ្មែរ ចូលលេងក្នុងកាស៊ីណូ ឃ្វីន ដែលមានថៅកែជាជនជាតិខ្មែរ បានទិញអាជ្ញាប័ណ្ណ លោកពិតជាបានដឹង​ តែលោកគ្មានលទ្ធភាពទប់ស្កាត់​ ហើយចំពោះការដាក់ពង្រាយប៉ូលិសឲ្យឈរបើកទ្វារ និងយាមឲ្យខ្មែរ ចូលលេងនៅទីនោះ ពិតជាគ្មានទេ ​គឺមានតែសន្តិសុខក្រុមហ៊ុនពាក់អាវប៉ូលិសតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor