header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា លោក W. Patrick Murphy ដែលប្រធានាធិបតីអាមេរិក គ្រោងបញ្ជូនមកបំពេញ បេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី របស់អាមេរិក ប្រចាំកម្ពុជា ជំនួស លោក វីល្លាម ហេដ បានលើកឡើងថា បើត្រូវអនុវត្តច្បាប់ កាត់ទោសថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ឬជនណាក៏ដោយ កុំយកឈ្មោះអាមេរិក ដាក់មកពាំងមុខ។

ការលើកឡើងរបស់សម្តេច ស ខេង បន្ទាប់ពីលោក W. Patrick Murphy បានជួបពិភាក្សាការងារ ជាមួយសម្តេច នាពេលកន្លងទៅ។ ក្នុងពិធីកិច្ចប្រជុំ បូកសរុបសកម្មភាព និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេច ស ខេង បានថ្លែងថា ទូតអាមេរិកថ្មី បានលើកឡើងថា កាត់ទោសអតីតគណបក្សសង្គ្រោះជាតិ ឬអ្នកណាក៏ដោយ សូមកុំយកឈ្មោះ សហរដ្ឋអាមេរិក មកដាក់មុខទេ។

សម្តេច ស ខេង បន្តថា ទូតអាមេរិក​ ដែលមកជំនួសលោក William Heidt នាពេលខាងមុខឆាប់ៗនេះ គឺលោក W. Patrick Murphy គាត់ធ្លាប់មកកម្ពុជា ហើយបានជួបយើង ហើយបាននិយាយថា កាត់ទោសម៉េច កាត់ទោសទៅ តែសូមកុំឲ្យមានឈ្មោះ អាមេរិកកាំង។ ខ្ញុំបានប្រាប់គាត់វិញថា រឿងឈ្មោះអាមេរិកកាំង កឹម សុខា ទេ គាត់បាននិយាយ មិនមែនយើងខ្ញុំ អ្នកនិយាយណា គាត់ក៏បិទមាត់ទៅ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលគេចាត់ទុក ជាគណបក្សប្រឆាំង ដ៏ធំនៅកម្ពុជា ក៏ប៉ុន្ដែបែរជាបក្សមួយ ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានច្បាប់ អនុវត្តរំលាយចោល ដោយសារប្រព្រឹត្តអំពើក្បត់ជាតិ។

សម្តេច ស ខេង សង្កត់ធ្ងន់ថា ប្រសិនបើ CNRP អនុវត្តត្រឹមត្រូវតាមច្បាប់ របស់កម្ពុជា ក៏គ្មានអ្នកទៅរំលាយដែរ ប៉ុន្ដែអតីតបក្ស​ប្រឆាំងនេះ ខុសដែលមករំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលបានរៀបចំផែនការ ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដោយតាមរយៈមិនការបោះឆ្នោត។

រដ្ឋមន្ដ្រីអះអាងថា ប្រសិនបើអតីត CNRP នៅដំណើរធម្មតា ក៏មិនអាចយកឈ្នះគណបក្ស ប្រជាជនកម្ពុជាបានដែរ ។ កាលពីឆ្នាំ២០១៣ ពលរដ្ឋបោះឆ្នោតអតីត CNRP ទទួលបាន៥៥ អាសនៈក្នុងរដ្ឋសភា ប៉ុន្ដែអតីត CNRP មិនសុខចិត្ត និងមិនទទួលយក បញ្ហាទាំងនេះ គឺក្បត់ឆន្ទៈពលរដ្ឋ ដែលបានបោះឆ្នោតឲ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post