
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា៖ គ្មានអ្វីដែលត្រូវចរចាជាមួយមន្ត្រីជាន់ខ្ពស់អតីតសង្គ្រោះជាតិទេ គឺមានតែនិយាយពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅប្រទេសកម្ពុជា។
យោងតាមប្រព័ន្ធតេឡេក្រាមរបស់ ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា អត់និយាយពីការចរចាទេ តែនិយាយពីការអនុវត្តលទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខជូនប្រទេសជាតិមាតុភូមិ ទាមទារការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា៖ ជនណា គណបក្សណាប្រព្រឹត្តល្មើសច្បាប់ និងរំលោភលទ្ធិប្រជាធីបតេយ្យ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង”។
ឯកឧត្តមអះអាងថា៖ គណបក្សកាន់អំណាច (CPP) និងរាជរដ្ឋាភិបាលកម្ពុជា មិនលូកដៃចូលកិច្ចការតុលាការជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជា មិនធ្វើការចរចាជាមួយអ្នករំលោភច្បាប់ឡើយ។ ការប្រព្រឹត្តល្មើសច្បាប់មិនមែន ជារឿងយោបាយដែលត្រូវដោះស្រាយតាមផ្លូវចរចាឡើយ ប៉ុន្តែ ត្រូវដោះស្រាយជាមួយតុលាការជាចាំបាច់។
ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បន្ទាប់ពីសភាអឺរ៉ុប (EU) បានស្នើរាជរដ្ឋាភិបាលកម្ពុជា ធ្វើការចរចាផ្នែកនយោបាយ ជាមួយអតីតគណបក្សសង្គ្រោះជាតិ លើករណីលោក កឹម សុខា។ សភាអឺរ៉ុបទុករយៈពេល៣ខែ សម្រាប់ការចរចាផ្លូវនយោបាយ។
ជាការឆ្លើយតប អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានស្នើមជ្ឈដ្ឋាននានាកុំបំភាន់ រាជរដ្ឋាភិបាលកម្ពុជាមិនអាចទោរទន់តាមបានជាដាច់ខាត។ ដូចនេះ គ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ចំពោះអ្នកល្មើសច្បាប់ ហើយគ្មានទេការចរចានយោបាយ កុំសង្ឃឹមឱ្យសោះ។