ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបថា ការប្រកាសលទ្ធផលប្រឡងថ្មី សម្រាប់ ថ្នាក់វិទ្យាសាស្រ្ត នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ ដោយកំណត់សម្គាល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយលទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ដ្រ ដោយកំណត់សម្គាល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវចាត់ទុកជាមោឃៈ រួមទាំង និទ្ទេសតាមមុខវិជ្ជា និទ្ទេសសរុប និងលំដាប់ពិន្ទុ។
ក្នុងនោះដែរមានការប្រែប្រួលចំពោះបេក្ខជន ប៉េង គីមហេង ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេកាលប្រកាសលទ្ធផលលើកទី០១ មកជាយុវតី ថន រតនា ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ វិញ ដែលជាលទ្ធផលសម្រេចផ្លូវការហើយ។
យុវតី ថន រតនា មានក្ដីរំភើបយ៉ាងខ្លាំង រហូតដល់ថ្នាក់ខ្លួននឹកស្មានមិនដល់ទៀតផង ថាវាអាចក្លាយជាការពិត។ កូនស្រីនៃគ្រួសារមួយ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ រូបនេះ ចំពោះជីវភាពវិញ មិនមានអ្វីហឺហាដូចគេនោះទេ ខណៈឪពុកជាអ្នករត់ម៉ូតូឌុប រីឯម្តាយជាស្ត្រីមេផ្ទះប៉ុណ្ណោះ ដោយមានបងប្អូនស្រី ៣នាក់ ហើយ ថន រតនា គឺជាកូនស្រីពៅ តែ រតនា អាចខិតខំរហូតឈានដល់ថ្ងៃនេះ។
ទាក់ទងនឹងរស់នៅសព្វថ្ងៃនេះ រតនា បានបង្ហើបឲ្យដឹងថា គ្រួសារគាត់ពិតជាមានស្ថានភាពជីវភាពលំបាកណាស់ ព្រោះរាល់ចំណូលប្រចាំថ្ងៃនេះ គឺជាបន្ទុករបស់លោកឪពុកតែម្នាក់ឯងប៉ុណ្ណោះ ដែលបានពីមុខរបររត់ម៉ូតូឌុបនេះឯង។
ហើយសម្រាប់គម្រោងសិក្សានាពេបន្ទាប់ រតនា បានរំលឹកនូវបំណងប្រាថ្នា នាពេលអនាគតដ៏ជាក់លាក់របស់ខ្លួនតាំងពីធំដឹងក្តីមក គឺចង់ក្លាយជាវេជ្ជបណ្ឌិតដ៏ពូកែមួយរូប ប៉ុន្តែប្អូនបានបោះបង់ចោលនូវ ក្តីស្រម៉ៃនេះ ព្រោះប្អូនដឹងច្បាស់ថា ជីវភាពគ្រួសាររបស់ខ្លួន គឺគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ ដើម្បីការសិក្សានោះទេ។
ទោះជាយ៉ាងនេះក្ដី សិស្សនិទ្ទេស A លំដាប់ពិន្ទុ កំពូលរូបនេះ បានអះអាងថា ក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន អាចសម្រេចទៅបាន ដោយវិធីមួយចុងក្រោយ ដែលប្អូននឹងធ្វើ នោះគឺនឹងធ្វើការសុំការសណ្តោសប្រណីពីមនុស្សម្នាក់ ហើយប្អូនមានជំនឿថា គាត់ប្រាកដនឹងអាចជួយប្អូនបាន។
ប្រិយមិត្តចង់ជ្រាបច្បាស់បន្ថែមទៀត ពីស្ថានភាពជីវភាពរបស់ យុវតី ថន រតនា ឫ ក៏លោកអ្នកដែលមានបំណងឧបត្ថម្ភដល់រូបប្អូន អាចទំនាក់ទំនងតាមលេខទូរស័ព្ទដៃប្អូនផ្ទាល់ គឺ 096 8286007។
សូមជម្រាបជូនថា៖ លទ្ធផលប្រឡង សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។