អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅសាលប្រជុំសាលាខណ្ឌមានជ័យ​ បាន​កិច្ចប្រជុំ​ប្រចាំខែសីហា របស់រដ្ឋបាលខណ្ឌមានជ័យ និងទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០១៨ និងពិធីចុះ​ហត្ថលេខា​ប្រគល់-ទីតាំងសង្ស័យបង្កើតល្បែងស៊ីសង និងល្បែងភ្នាល់ខុសច្បាប់មួយចំនួន​ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ជូនដល់នគរបាលប៉ុស្ដិ៍​ ចៅសង្កាត់​ និងមន្ត្រីមួយចំនួន​របស់រដ្ឋបាលខណ្ឌមានជ័យ ដើម្បីមានវិធានការដ្ឋបាលលុបបំបាត់ឲ្យ​អស់ពីក្នុងមូលដ្ឋាន។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ​ ១កើត​ ខែភទ្របទ ឆ្នាំច សំរិទ្ធសក័​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក​ ពេជ្រ​ កែវមុនី​ អភិបាល​នៃ ​គណៈ​អភិបាល​មានជ័យ ព្រមទាំងលោក ឡុង​ ង៉ែត​ និងលោក​ មា​ សុភាព​ និងលោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរងខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​លោក​អធិការ​រងនគរបាល​ខណ្ឌ​ លោក​មេបញ្ជាការ​រងកងរាជអាវុធហត្ថ​ខណ្ឌ ​នាយ​ប៉ុស្តិ៍ និង​ចៅសង្កាត់​ទាំង​៧ និង​សមាភាព​មន្ត្រីពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

កិច្ចប្រជុំ​ប្រចាំខែសីហាខាងលើនេះផ្តោតសំខាន់ លើការងារមួយចំនួនដូចជាៈ​ ការងារសន្តិសុខ  ១.ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន (ការគ្រប់គ្រង់មូលដ្ឋានក្លឹបកម្សាន្ត,ខារ៉ាអូខេ​,បៀរហ្គាឌិន​,ភោជនីយដ្ឋាន​,និងផ្ទះជួល )។ ការរៀបចំ​ផែនការជាយុទ្ធសាស្ត្រ​ ស្ដីពីយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ២.ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍។ ៣.ការងារត្រួតពិនិត្យរដ្ឋបាល និងកម្មវិធី​ការងារវេទិការសាធារណៈប្រចាំខែតាមសង្កាត់នីមួយៗ។ ៤.បញ្ហាល្បែងស៊ីសង​ ល្បែងភ្នាល់នានា។ ៥.មូលដ្ឋានទទួលបញ្ជាំខុសច្បាប់​ និងកន្លែងទទួលទិញសម្ភារចាស់ៗ(អេតចាយ​)។ ៦.ការគ្រប់គ្រង​សន្តិសុខឯកជន។

លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានមានប្រសាសន៍​សង្កត់ធ្ងន់អំពីបញ្ហាល្បែងស៊ីសងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ បានបញ្ចប់​ទៅដោយជោគជ័យកាលពីថ្មីៗនេះ ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសង ភ្នាល់បាល់ និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត ដែល Live ចេញពីកាស៊ីណូ ជ្រកក្រោមស្លាក អ៊ីនធើណេត២៤ម៉ោង ជាច្រើនកន្លែងទៀត នៅក្នុងតាមភូមិសាស្ត្រសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ​ បានលួច​បើក​លេងដោយសេរី ដោយមិនឃើញមានការរាយការណ៍ ក្នុងការចុះបង្ក្រាបពីអាជ្ញាធរសង្កាត់ទាំង៧ឡើយ ទោះបីជាមានបទបញ្ជា​ពីថ្នាក់លើ រហូតដល់បណ្ដាញជាសារព័ត៌​មានក្នុងស្រុក​ជា​ច្រើន ​បានចុះ​ផ្សាយ​រិះគន់​បន្តបន្ទាប់​ ពិសេសក្នុងសង្កាត់ចាក់អង្រែលើ មានទីតាំងបាញ់ត្រី រហូតដល់ទៅ៥កន្លែង​ឯណ្ណោះ​ ដោយទីតាំងទី១​ នៅផ្លូវជាតិលេខ២ ខាងឆ្វេងគុយទាវឆ្ងាញ់​ ប្រហែល​៤០ម៉ែត្រ​ ចូលតាមច្រកតូចទៅត្រង់។ ទី២ នៅផ្លូវជាតិលេខ២ ច្រកចូលបឹងកំប្លោក​ ផ្ទះល្វែង​ខាងឆ្វេងដៃ។ ទី៣ នៅផ្លូវ៦០ម៉ែត្រ​ ក្នុងតំបន់មិនរៀបរយវាលខ្សាច់​តាក់ហ្វាត ។ ទី៤ នៅតាមផ្លូវ២៧១ ។ ទី៥ ក្នុងផ្ទះលេខ៦៨០ ផ្លូវ២៧១។ និងទីតាំងផ្សេងទៀត​ ផ្លូវ៣១៧ ខាងជើងស្ពានដែកចំការដូង ប្រហែលជា១០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ។ និងក្បែរវត្តស្ទឹងមានជយ័ និងទីតាំងនៅក្នុងភូមិមានជ័យ១​ សង្កាត់ស្ទឹងមានជ័យ១ ។ និងទីតាំងនៅតាមផ្លូវ៣៧១ ជាប់​ហ្គារ៉ាស​លក់សំបកកង់រថយន្ត សង្កាត់ក្នុងសង្កាត់បឹងទំពុន២។

លោកអភិបាល​បន្ថែមទៀតថា​ ចំពោះទីតាំងណេត​ ឬ Internet ២៤ ម៉ោង ត្រូវធ្វើរដ្ឋបាលត្រួតពិនិត្យមើលទីតាំងណេត ឬ Internet ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន តើមានអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង ហើយទោះបីជាមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺត្រូវរកឲ្យឃើញបទល្មើស ដោយមានភ័ស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង ហើយបានសម្រេច ធ្វើពិធីចុះហត្ថលេខា ប្រគល់ភារកិច្ចនិងទទួល ទីតាំងសង្ស័យលួចបើកល្បែងសុីសង ល្បែងភ្នាល់ ខុសច្បាប់នានា នៅក្នុងភូមិសាស្រ្តសង្កាត់ ជូនចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧​ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ ដើម្បីមានវិធានការដ្ឋបាលលុបបំបាត់ឲ្យអស់ពីក្នុងមូលដ្ឋាន ឲ្យខានតែបាន។

លោកអភិបាលបានឲ្យដឹងទៀតថា​ លើស​ពី​នេះ​ទៅ​ទៀត​វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេ វា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ ឲ្យ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ​អើ​ង​ហើ​ង និង​ពេល​ខ្លះ​អាច​បែកគំនិត​រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ។ ហើយទីតាំង​ដែល​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី គឺជា​ទីតាំង​ដែល​សំបូរទៅ​ដោយ​ក្រុម​អ្នកជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀនប្រមូលផ្តុំ​គ្នា​ផង​ដែរ ព្រោះ​រាល់ពេល​ដែល​កម្លាំង​អាជ្ញាធរយើង ធ្វើការ​ចុះ​បង្ក្រាប​ម្តង​ៗ គឺ​តែង​ដកហូត​បាន​វត្ថុ​តាង​ពាក់ព័ន្ធ​គ្រឿងញៀន​បទល្មើសគ្រឿងញៀនជា​បន្តបន្ទាប់ផងដែរ។

អាជ្ញាធរខណ្ឌមានជ័យ សូមបន្ត​​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ ​មីង ​ពូ ទាំងអស់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​​ទាំងមូល ​​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ពេលវេលា​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ​តម្រុយ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​ទីតាំង​បទល្មើស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បៀ អាប៉ោង កន្ទុយលេខ ជល់​មាន់​ជាដើម ដើម្បី​មាន​ភាព​ងាយស្រួល​ សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​រម្យ​នា​ជា​និរន្តរភាព​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ទៅ​ថ្ងៃ​មុខ ។

ជាចុងក្រោយលោកពេជ្រ កែវមុនី​ ក្នុងនាមជាអភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​ដល់លោកចៅសង្កាត់ទាំង៧​ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ កុំបណ្ដែតបណ្ដោយឲ្យសោះ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ត្រូវចេះ​សហការគ្នាអនុវត្តបទបញ្ជា ដើម្បីធ្វើការអន្តរាគមន៍ ទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor