header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនប្រុសស្រី៣នាក់ ជិះរថយន្ត LEXUS RX300 បើកបុកជាមួយនឹងម៉ូតូ Wave-S បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗ នៅត្រង់ចំណុចផ្លូវបែកជាបួន ជិតប៉ុស្តិ៍នគរបាលមិត្តភាព បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបែកជាបួន​ ត្រង់ផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងបឋមពីសមត្ថកិច្ច សាកសពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុ២៥ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-9918 ធ្វើដំណើពីលិចទៅកើត។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ​ ដែលចំណុចផ្លូវបែកជាបួន ស្រាប់តែមានរថយន្ត LEXUS RX300 ពណ៌ទឹកមាស មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2Q-2257 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ផ្សេងទៀត ក្នុងនោះមាននារីជនជាតិខ្មែរ រូបស្រស់ម្នាក់ បានបើកបុកម៉ូតូយ៉ាងពេញទំហឹង រួចកិនអូសម៉ូតូជាប់ក្រោមរថយន្តខាងមុខ ប្រហែលជិត២០ម៉ែត្រ បានបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗនោះដែរ ជនជាតិចិន ដែលបើករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ផងដែរ។

ក្រោយកើតហេតុបានបន្តិច ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់ ហើយស្រែកទ្រហោយំទាំងក្ដីអាឡោះអាល័យ ​និងសោកស្ដាយបំផុត ចំពោះការបាត់បង់​កូន និងសមាជិកគ្រួសារ មិនគួរណាជិះមកជិតដល់ផ្ទះហើយ បែរជាជួបគ្រោះថ្នាក់បណ្ដាលស្លាប់យ៉ាងរន្ធត់បែបនេះទៅវិញ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post