អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហាងល្បែងគ្រប់សព្វ ដែលបង្កប់នៅហាង Net កំពុង​រីកដូចផ្សិត នៅខណ្ឌដូនពេញនោះ អីចឹងហើយ គេចាំមើលកណ្តាប់ដៃថ្មីរបស់លោក ទៀង ចាន់សារ អធិការទើបឡើងថ្មី សម្រាប់ខណ្ឌដូនពេញនេះ ថាតើលោកនឹងបង្រ្កាបហាង Net24ម៉ោងទាំងនោះដែរទេ? ព្រោះអី កាលពី​អតីតអធិការនគរបាលខណ្ឌដូនពេញចាស់ លោក ហួត ចាន់យ៉ារ៉ាន់ គេសង្កេតឃើញថា ការរីករាលដាលនូវហាងអ៊ិនធឺណេត ដែលជាបង្កប់​ល្បែងគ្រប់ប្រភេទ និងហ្គេមស៊ីសងគ្រប់ប្រភេទ កាន់តែរីកច្រើនឡើងៗមិនតិចជាង៥០កន្លែងនោះទេ មិនដែលឃើញលោកអធិការរូបនោះបង្រ្កាបម្ដង​ណាឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ និងប្តេជ្ញាបង្ក្រាបល្បែងស៊ី​សងគ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ណេត​24ម៉ោង ក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ លោក​អភិបាលរាជធានី​ បានដាក់ចេញនូវវិធានការបង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24ម៉ោងទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំង Internet ក៏ដោយ ព្រោះថា ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំ ប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ ប្លន់ផងដែរ។

ប្រជាពលរដ្ឋបានបន្តថា តែផ្ទុយទៅវិញ សម្រាប់សមត្ថកិច្ចខណ្ឌដូនពេញ ដែលមានលោកហួត ចាន់យ៉ារ៉ាន់ អតីតអធិការប៉ូលិសវិញ គឺមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះឡើយដោយបណ្ដោយអោយមានម្ចាស់ទីតាំង បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញយ៉ាងច្រើននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ដែលគេរាប់ត្រួសៗមិនតិចជាង៥០ទីតាំងនោះទេមកទល់សព្វថ្ងៃនេះ។

គួរំឭកផងដែរ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១២ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការងារនេះមិនមែនសម្រាប់តែអាជ្ញាធរខណ្ឌបំពេញប៉ុណ្ណោះទេ តែខាងស្នងការរាជធានី ប៉េអឹមរាជធានី ក៏ជាដែនសមត្ថកិច្ចក្នុងបង្ក្រាបករណីលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងអ៊ី​នធឺណែតកាហ្វេនេះផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការបិទទីតាំងកន្លែងបើកអ៊ីនធើ​ណែតនានាណា ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់។ គម្រោងនៃការមានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហា ដែលកន្លែងបើកអ៊ីនធើ​ណែតមួយចំនួនបានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ បំភាន់​ភ្នែកសមត្ថកិច្ចនោះ។

ជាមួយគ្នានោះដែរលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា តាមពិតទៅការអនុញ្ញាតច្បាប់អោយបើកអ៊ីនធើណែតនេះ គឺដើម្បីបម្រើ​សេវាធម្មតាទេ ប៉ុន្តែបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋកន្លែងបើកអ៊ីនធើណែតទាំងនោះ បែរជាមានបង្កប់ល្បែងស៊ី​សងខុសច្បាប់ទៅវិញ។ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ កោះប្រ​ជុំជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីឈានទៅដល់ការបង្ក្រាប។ ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យ​អាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះមើលទីតាំងបើកអ៊ីនធើណែតនៅក្នុងមូលដ្ឋានរបស់ខ្លួន បើមានបញ្ហាលួចបង្កប់ល្បែងស៊ី​សងខុសច្បាប់ ត្រូវតែមានវិធានការច្បាប់ គឺបិទទីតាំងនោះចោលតែម្តង។ បើទោះបីទីតាំងនោះមានច្បាប់ចេញពីក្រសួងពាក់ព័ន្ធក៏ដោយ ក៏យើងសុំទៅក្រសួងទាំងនោះលុបច្បាប់អនុញ្ញាតនោះចេញផងដែរ។ ដោយឡែកទីតាំងដែលមិនមានច្បាប់ គឺយើងបិទអាជីវកម្មតែម្តង។

ក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើទៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនចេញច្បាប់អោយគេបើកអាជីវកម្មតាមប្រព័ន្ធអនឡាញនេះត្រូវតែត្រួតពិនិត្យអោយបានច្បាស់ជាមុនសិន ដើម្បីជៀសវាងបើកទីតាំងអ៊ីនធឺណែតសោះ តែមានបង្កប់ល្បែងស៊ីសង ខុសច្បាប់ ដែលសង្គមស្អប់ខ្ពើមនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ កំពុងជឿជាក់ថា លោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញថ្មីនេះ ប្រាកដជាមិនបណ្តែតបណ្តោយឲ្យទីតាំង Net២៤hនេះ បានដំណើរការយ៉ាងសុខស្រួលទៀតឡើយ ព្រោះអីរាល់ថ្ងៃនេះ ពួកគាត់ជិះទៅផ្លូវណាក៏ឃើញហាង Net គេបើព្រោងព្រាតមានភ្ញៀវចូលលេងជាច្រើននាក់ មានអ្នកខ្លះចាក់បាល់ ឬល្បែងផ្សេងៗទៀតចាញ់អស់លុយកាក់បែកគំនិតទៅជាលួច ឆក់ ប្លន់ ដែលតែងតែកើតមាននៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាញឹកញាប់ ភាគច្រើនជនងាយរងគ្រោះនោះ គឺជាជបបរទេសតែម្តង។ អចឹងសង្ឃឹមថា លោកអធិការថ្មីនេះបានធ្វើឲ្យពួកគាត់រស់នៅបានសុខសាន្តមិនកើតមានទីតាំងល្បែងកើតមានច្រើនកន្លែងដូច្នេះតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor