ភ្នំពេញៈ យុវជនម្នាក់ បើករថយន្ត Prius ស្លាកលេខ ភ្នំពេញ 2AR-2643 បុកម៉ូតូ Dream បណ្ដាលឲ្យរងរបួស នៅម្ដុំផ្សារកាច់ជ្រុង ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចហើយបើករត់រហូតដល់មុខស្ថានីយ សាំងតេលា ចាក់អង្រែក្រោម ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញស្ទាក់ឃាត់បាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧:៣០នាទីព្រឹកយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅម្ដុំផ្សារកាច់ជ្រុង ផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចហើយបើករត់រហូតសមត្ថកិច្ចឃាត់បាននៅមុខស្ថានីយសាំងតេលា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ និងជាអ្នកដេញតាមឃាត់រថយន្តបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក Prius ស្លាកលេខ ភ្នំពេញ 2AR-2643 បើកដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង តាមផ្លូវ២១ លុះមកដល់ម្ដុំផ្សារកាច់ជ្រុង ក្រុងតាខ្មៅ ដែលជាកន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Dream មួយគ្រឿង (មិនចាំស្លាកលេខ) បានទៅបុកចំរថយន្តខាងមុខ ផ្នែកខាងឆ្វេង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយរថយន្តមិនព្រមឈប់ដោះស្រាយគ្នាសិនទេ បានព្យាយាមបើករត់ រហូតដលមុខស្ថានីយសាំងតេលា ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយដេញស្ទាក់ឃាត់បានតែម្ដង ។
ភ្លាមនោះ សមត្ថកិច្ចក៏បានយករថយន្តបង្ក និងឃាត់អ្នកបើកបររថយន្ត ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយគ្នា ស្រាប់តែអ្នកបើករថយន្តបង្កមិនព្រមទៅជាមួយសមត្ថកិច្ចទេ ដោយសុំហៅក្រុមគ្រួសារឲ្យមកសិន ទើបព្រមទៅ បន្តិចក្រោយមក ក្រុមគ្រួសារអ្នកបើករថយន្តបង្ក បានមកដល់កន្លែងកើតហេតុ ។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីសង្គ្រោះផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តបង្កហេតុ និងយុវជន ដែលជាអ្នកបើកបរ ត្រូវបានសមត្ថកិច្ចយករថយន្តសារ៉ែនមកឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕