header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ១សប្ដាហ៍នោះ បានត្រឡប់មកដល់លំនៅដ្ឋានរបស់លោកវិញហើយ នាព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ នេះបើតាមអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។

អនុប្រធានបក្សប្រឆាំងរូបនេះ ឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់លោកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចនាំខ្លួនមកដល់លំនៅដ្ឋានវិញហើយ នៅវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ យ៉ាងណា លោកមិនទាន់បញ្ជាក់ថា ប្រធានរបស់លោក នឹងមានសេរីភាពក្នុងកម្រិតណានោះទេ។

លោក អេង ឆៃអ៊ាង ៖ “តុលាការរបបលោក ហ៊ុន សែន បានយកលោកប្រធាន កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋានរបស់គាត់ហើយ មួយម៉ោងមុននេះ (ប្រហែលម៉ោង៥ព្រឹក ម៉ោងនៅកម្ពុជាថ្ងៃទី ១០/០៩/២០១៨)។ ឯ លោកប្រធាន កឹម សុខា នឹងទទួលបានសេរីភាពមកវិញ កំរិតណានោះ មិនទាន់ដឹងឡើយទេ”

ដោយឡែក អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ តេជគុណ មាឃ សុវណ្ណារ៉ា ឲ្យដឹងដែរថា “លោកប្រធានកឹមសុខា ត្រូវបានដោះលែងហើយនៅព្រឹកឆ្លងចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨នេះ”

បើតាមដីកាបញ្ជាឲ្យដោះលែងរបស់ចៅក្រមតុលាការក្រុងភ្នំពេញ លោក គី ឬទ្ធី ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឲ្យដឹងថា “បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា”

សូមរំឭកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។ លោកត្រូវបានតុលាការ បញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

តាមក្រមព្រហ្មទណ្ឌកម្ពុជា បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។

ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវិដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី លីប៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ។

ជាការកត់សម្គាល់ មុនការដោះលែងលោក កឹម សុខា ដែល​អ្នក​នយោបាយ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញដែរនោះ អ្នកវិភាគមួយចំនួនយល់ថា ការដោះលែងនេះ គឺដើម្បីសម្រាលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ក្រោយការបោះឆ្នោតជាតិ អាណត្តិទី៦៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post