ជូនបងប្អូនជនរួមជាតិ ពេលនេះខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើងថ្លែងសុន្ទរកថានិងពេលល្ងាចខ្ញុំ និងជួបអគ្គលេខាអង្គការសហប្រជាជាតិ។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃនេះ ខណៈដែលសម្តេចកំពុងតែចូលរួមក្នុងកិច្ច ប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាយើងជាអនុប្រធាននៃកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្តេច ហ៊ុន សែន បានឌឺដងទៅអតីតមន្រ្តីជាន់ខ្ពស់ CNRP ថា៖ ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជាពិសេសទណ្ឌិតរត់ចោលគុក បើមិនជាន់កែងមិនរាងចាលទេ។
នាយករដ្ឋមន្រ្តីកាន់អំណាចជាង៣០ឆ្នាំរូបនេះ បានចោទជាសំណួរថា៖ ឯណាទៅអាមេរិកមិនឱ្យជាន់ដី? ឯណាទៅដែលអាសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ? ឯណាទៅដែលគេមិនឱ្យប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ?។
អ្នកបោកប្រាស់គេគួរទៅរៀនថែម ទៀត។ ឯអ្នកជឿគេបោកគួរមានការអៀនខ្មាសផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ។ នេះជាសារដែលសម្តេចបានសរសេរបញ្ចប់ក្នុងហ្វេសប៊ុក។