header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ កម្មករម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោមគំនរកម្ទេចថ្មបាក់រលំផ្ទះល្វែងចាស់ៗ របស់អតីតភោជនីយដ្ឋាន ស៊ុបនាគ ខណៈកម្មករ៤នាក់ផ្សេងទៀត រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់រួចផុតសេចក្ដីស្លាប់។ បើតាមប្រភព ហាងស៊ុបនាគនេះ ត្រូវបានលក់ឲ្យថៅកែហាង Temple Bar ដែលកំពុងធ្វើការជួសជុលកែកុនជាថ្មី។

ហេតុការណ៍បាក់រលំផ្ទះល្វែងចាស់ៗខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ខាងត្បូងផ្សារចាស់ តំបន់ Pub Street ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់សង្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភព អតីតភោជនីយដ្ឋាន ស៊ុបនាគ ដែលជាអគារផ្ទះល្វែងវ័យចំណាស់នេះ ត្រូវបានលក់ឲ្យទៅថៅកែ Temple Bar ហើយបច្ចុប្បន្នកំពុងបើកការដ្ឋានធ្វើការជួសជុល ដើម្បីកែលម្អជាថ្មី។ ប៉ុន្តែជាអកុសល នៅយប់កើតហេតុ ខណៈកម្មករកំពុងដេកលក់ ស្រាប់តែមានហេតុការណ៍រលំនេះតែម្ដង។

សមត្ថកិច្ចឲ្យដឹងថា ក្រោយហេតុការណ៍រលំអគារខាងលើ មានកម្មករចំនួន៥នាក់ បានជាប់ក្នុងគំនរកម្ទេចថ្ម ប៉ុន្តែកម្មករចំនួន៤នាក់ ត្រូវបានអន្តរាគន៍យកចេញភ្លាមៗ និងបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែកម្មករម្នាក់ទៀត បានគាបជាប់ក្នុងគំនរថ្មអគារនោះ ហើយក្រោយមកបានស្លាប់ បើទោះបីជាសមត្ថកិច្ចព្យាយាមប្រើគ្រប់មធ្យោបាយ ដោយការវាយកម្ទេច និងស្ទូចយកថ្មចេញ ដើម្បីសង្គ្រោះមនុស្សក៏ដោយ។

កម្មកររងរបួសទាំង៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ រួមមាន ទី១-ឈ្មោះ​ ម៉ុត​ រី​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រងរបួស​លើភ្នែកឆ្វេង​ និង​ជើងឆ្វេង, ទី២-ឈ្មោះ​ ឌី​ ស្នា​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ រងរបួស​ត្រង់មាត់តិចតួច​, ទី៣-ឈ្មោះ​ សល់​ សេក​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ របួស​បែកចិញ្ចើមស្តាំ និង៤-​ឈ្មោះ​ មឺ​ មេត​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ របួសបែកក្បាល​ និង​ជង្គង់ឆ្វេង។ ដោយឡែក អ្នកស្លាប់មានឈ្មោះ​ ឃុំ​ ពេជ្រ​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ។ អ្នកទាំង៥ រស់នៅភូមិ​ធ្វាស​ ឃុំ​ត្រីញ័រ ស្រុក​ពួក​ ខេត្ត​សៀមរាប ជាមួយគ្នា។

គួរបញ្ជាក់ថា អតីតហាង ស៊ុបនាគ ដែលបាក់រលំខាងលើនេះ ក៏ដូចជាផ្ទះល្វែងជាច្រើនទៀត នៅជុំវិញផ្សារចាស់ កណ្ដាលក្រុងសៀមរាប ត្រូវបានរក្សាទុកជាផ្ទះបុរាណ សម្រាប់លម្អក្រុង និងទាក់ទាញភ្ញៀវទេសចរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post