header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ចិន-អាមេរិកៈ អតីតមេបញ្ជា​ការកងទ័ពអាមេរិក ប្រចាំនៅតំបន់អឺរ៉ុប បានអំពាវនាវដល់សម្ព័ន្ធមិត្តណាតូ បង្កើនសកម្មភាពការពារ ដោយអាមេរិក មិនអាចការពារសម្ព័ន្ធមិត្តបាន ក្នុងពេលតែមួយ ចំពោះការគំរាមកំហែងពីចិន និងរុស្ស៊ី។

សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងវេទិកាសន្តិសុខ Warsaw ក្នុងប្រទេសប៉ូឡូញ មេទ័ពអាមេរិក ដែលចូលនិវត្តន៍ លោក Ben Hodges ជាអតីតមេបញ្ជាការកងទ័ពប្រចាំនៅតំបន់អឺរ៉ុប បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រឈមការធ្វើសង្គ្រាមជាមួយចិន ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

លោក Ben Hodges បញ្ជាក់ទៀតថា អឺរ៉ុប ចាំបាច់ត្រូវតែធ្វើសកម្មភាព ច្រើនជាងនេះ ដើម្បីធានាដល់សន្តិសុខជាតិរបស់ខ្លួន និងទប់ទល់ជាមួយរុស្ស៊ី  ដោយសារតែអាមេរិក នឹងផ្តោត សកម្មភាពការពារផលប្រយោជន៍អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មាន AP បានដកស្រង់សម្តីមេទ័ព Ben Hodges បានបញ្ជាក់ថា «អាមេរិក ត្រូវការអឺរ៉ុបរឹងមាំ។ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ អាចនឹងមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើង ជាមួយចិន»។​លោកបន្តទៀតថា បច្ចុប្បន្នអាមេរិក មិនមានសម្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើនូវរឿងរ៉ាវទាំងអស់ ទាំង នៅអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកឡើយ។ នៅពេលខាងមុខ អាមេរិក ទប់ទល់ជាមួយចិន ចំណែកអឺរ៉ុប ត្រូវការពារខ្លួនឯង ចំពោះការគំរាមកំហែងពីរុស្ស៊ី។

ការលើកឡើងរបស់លោក Ben Hodges ធ្វើឲ្យគេនឹកឃើញដល់សំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យប្រទេសជាសមាជិកណាតូ បង្កើនការចំណាយ ទៅលើយោធា ដើម្បីការពារសន្តិសុខខ្លួនឯង។ លោកត្រាំ បញ្ជាក់ថា បច្ចុប្បន្នអាមេរិកទទួលបន្ទុកចំណាយជាច្រើននៅណាតូ។

លោក Ben Hodges បញ្ជាក់ទៀតថា បើទោះបីមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយមួយចំនួន ទទឹមនឹងនោះអាមេរិក មិនផ្លាស់ប្តូរ នៅអង្គការណាតូឡើយ។ ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចាត់ទុក សន្តិសុខនៅអឺរ៉ុប គឺជាផលប្រយោជន៍យ៉ាងសំខាន់របស់ អាមេរិក។

និយាយអំពីចិន លោក Ben Hodges បានបញ្ជាក់ថា ការប៉ះទង្គិចគ្នា នាពេលកន្លងមករវាងនាវាអាមេរិក និងចិន នៅសមុទ្រចិនខាងត្បូង គឺជាសញ្ញាមួយក្នុងចំណោមការប្រកួ​តប្រជែង និងភាពតានតឹងរវាងអាមេរិក ចិន។

ជាមួយគ្នានេះ ចិនតែងតែថតចម្លងនៅបច្ចេកវិទ្យា អាមេរិក នឹងដណើ្តមការគ្រប់គ្រងគម្រោងធំៗនៅទ្វីបអាហ្វ្រិច អឺរ៉ុប និង អាស៊ី។ បច្ចុប្បន្នចិន មានកំពង់ផែសមុទ្រដល់ទៅ១០ភាគរយនៃកំពុងផែសមុទ្រលើពិភពលោក ដែលអាចបង្វែទៅជាកំពង់ផែយោធាបានគ្រប់ពេល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post