header ads

Sponsor

រិទ្ធី

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើគម្រោងថវិការបស់រដ្ឋសភាប្រចាំឆ្នាំ២០១៩ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាលបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងអ្នកនាំពាក្យរដ្ឋសភាបានជម្រាបក្រុមអ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំថា គម្រោងចំណាយថវិកាឆ្នាំ២០១៩ របស់រដ្ឋសភា បានកើនឡើង១.៦ភាគរយ ប្រៀបធៀបឆ្នាំ២០១៨ ដោយសារឆ្នាំ២០១៩ សភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវ រៀបចំធ្វើនៅខេត្តសៀមរាប។ ម្យ៉ាងទៀត រដ្ឋសភាត្រូវជួសជុល និងការផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេសក្នុងសាលប្រជុំរដ្ឋសភាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា ដោយសាររដ្ឋសភា ត្រូវធ្វើឱ្យមានសុក្រឹត្យភាពខាងថវិកាជាមួយព្រឹទ្ធសភា ពោលថវិកាសម្រាប់ប្រើប្រាស់ក្នុងរដ្ឋសភា និងព្រឹទ្ធសភា ត្រូវតែស្នើគ្នា។ ម្យ៉ាងទៀតដែលធ្វើឲ្យថវិកាជាតិ ត្រូវចំណាយច្រើនជាងមុន ក៏ដោយសារប្រាក់ខែមន្ត្រីរាជការ ត្រូវបានដំឡើងផងដែរ។ ម្យ៉ាងទៀត ការកើនឡើងនេះ ដោយសារយើងដំឡើង១០% ចំពោះប្រាក់បំណាច់មុខងារមុខងារមន្ត្រីរាជការ ប្រាក់មន្ត្រីរាជការមានការកើនឡើង យើងសម្របសម្រួលក្របខណ្ឌ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នឹងត្រូវគណៈរដ្ឋមន្ត្រី ប្រជុំពិនិត្យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមអធីបតីភាពដ៏ខ្ពស់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋសភាចំណាយ ១៨០ ៨៨៧.៧លានរៀល ហើយ​ព្រឹទ្ធសភាចំណាយ ៧៣,៦១៧លានរៀល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post