header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ លោក រិទ្ធ បញ្ញា អធិការនគរបាលរងក្រុងសៀមរាប ទទួលបន្ទុករដ្ឋបាលប៉ុស្តិ៍ ត្រូវបានកូនចៅថ្នាក់ក្រោមសរសេរបង្ហោះថា ផឹកស្រាស្រវឹងជោកជាំមករករឿងកូនចៅថ្នាក់ក្រោមនៅកន្លែងធ្វើការ ក្នុងអធិការនគរបាលក្រុងសៀមរាប ថែមទាំងទាញកាំបិតគប់មកលើ​មន្រ្តី​ដែលត្រូវជាកូនចៅឈ្មោះ លីវ សុឈុនលេង បណ្តាលឲ្យ​រយះ​ក្បាលហូរឈាម។

ករណីមេស្រវឹងស្រាទាញកាំបិតគប់កូនចៅខាងលើនេះ បង្កឲ្យ​មានការភ្ញាក់ផ្អើលទាំងយប់ នៅវេលាម៉ោង៨នឹង៤៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្នុងអធិការនគរបាលក្រុងសៀមរាប។

ក្នុងរឿងនេះបើ​យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យ​ដឹងថា ហេតុអីខ្លួនជាថ្នាក់ដឹកនាំ បែរជាមិនគោរពតួនាទី ផឹកស្រាស្រផឹក មករករឿងកូនចៅ ឬមួយអាងខ្លួនជាមេគេ ចង់ធ្វើ​អ្វីតាមតែចិត្តមែនទេ?

បើ​តាមសម្តីរបស់លោក លីវ សុឈុនលេង ភេទប្រុស អាយុ២៨ឆ្នាំ ជា​ជនរងគ្រោះ បានបា្រប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យ​ដឹងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា មុនដំបូង ខ្ញុំ(ជនរងគ្រោះ) កំពុងអង្គុយប្រចាំការនៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់​តែលោកអធិការរងខាងលើ ផឹកស្រវឹងជោកជាំមិនដឹងមកពីណា បាន​ប្រើពាក្យសម្តីមិនសមរម្យ មកលើរូបខ្ញុំ (ជនរងគ្រោះ) ពេលនោះក៏មាន​ប្រកែកគ្នាបន្តិចបន្តួច លោកអធិការរងក៏​ខឹងសម្បារ ហើយ​ក៏ទាញយកកាំបិត ដែលនៅជិតខ្លួនស្រាប់ គប់មកលើរូបខ្ញុំ(ជនរងគ្រោះ) បណ្តាលឲ្យ​រយះក្បាលហូរឈាម ភ្លាមៗ ជនរងគ្រោះ​មិនបានតបតវិញទេ ហើយដើរចេញទៅរកពេទ្យ ដើម្បីព្យាបាលរបួសតែម្តង។

ជនរងគ្រោះបានបន្ថែមថា បើរូបលោកមិនបានគេចទាន់ពេលទេ ប្រហែលរូបលោក ត្រូវដេកពេទ្យជាមិនខាន។

ក្នុងរឿងនេះលោក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានប្រាប់ឲ្យដឹងថា រឿងនេះយប់មិញលោកអត់បានដឹងទេ ជារឿងបុគ្គលទុកឲ្យ​បុគ្គលដោះស្រាយទៅ។

ភ្នាក់ងារព័ត៌មានយើង បានទូរស័ព្ទទៅលោក រិទ្ធ បញ្ញា អធិការនគរបាលរងក្រុងដែរ (ជនដៃដល់) ទូរស័ព្ទចូល បែរជាមិនបាននិយាយអ្វីទេ គ្រាន់តែនិយាយថា ចាំតិចសិនចាំខលមកវិញរួចក៏បិតទូរស័ព្ទ។

បើ​តាមប្រភពមួយបានលួចខ្សឹបប្រាប់ថា លោកអធិការនគរបាលរងក្រុងសៀមរាបនេះ មានវ័យក្មេង ទើ​បនឹងចូលកាន់តំណែងបានជាងមួយឆ្នាំនេះទេ ទើ​បនៅមានចិត្តឆេវឆាវមិនសាកសមនឹងតូនាទីជាថ្នាក់ដឹកនាំទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post