header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលបានយកឈ្មោះលោកស្រី​ យ៉ែម សុខន ទៅសំឡុតគំរាមកំហែងមេឃុំបិតត្រាង និងចៅហ្វាយស្រុកព្រៃនប់ ក្រុងព្រះសីហនុ ឲ្យ​ចុះហត្ថលេខាលើលិខិតចុះបញ្ជីដីធ្លីដោយពុំមានស្នាមមេដៃអ្នកស្នើសុំ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០១៨នេះ។

លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង កំពុងធ្វើការសាកសួរជនសង្ស័យនៅឡើយ។

ជនសង្ស័យឈ្មោះ មឿង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីរាជការ រស់ក្រុម១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៨ នៅភោជនីយ​ដ្ឋានតាឱ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ តាមដីកាបញ្ជាឲ្យ​ចូលខ្លួនលេខ ២៧២ អ.យ.ឋ ចុះថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ របស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហាញថា មុនមានការចាប់ខ្លួនជនឈ្មោះ មឿង លីដា ពីបទគំរាមកំហែង និងបទក្លែងឯកសារសាធារណៈនេះ គឺមានដើមបណ្ដឹងចំនួន៤នាក់ បានប្ដឹងឈ្មោះមឿង លីដា។ ដើមបណ្ដឹងទី១ឈ្មោះ ច័ន្ទ កល្យាណ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៧ និង៥៩ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ទី២ ឈ្មោះ សេង សត្ថា ភេទប្រុស អាយុ៤៦ឆ្នាំ ។ ទី៣ ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។ ទី៤ឈ្មោះ អ៊ុ ឡា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅបុរីពិភពថ្មីត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ។

អង្គហេតុដែលបណ្ដាលអោយមនុស្ស៤នាក់ខាងលើប្ដឹងឈ្មោះ មឿង លីដា ដោយសារតែជននេះបានរៀបចំក្លែងឯកសារបន្លំយកដីរបស់ពួកគេទំហំជាង២៧ហិកតា នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ដោយយកឈ្មោះលោកជំទាវ យ៉ែម សុខន ដាក់ជាម្ចាស់ ប៉ុន្តែលោកជំទាវ យ៉ែម សុខន មិនព្រមផ្ដិតមេដៃ ក៏ស្រាប់តែឈ្មោះ មឿង លីដា បានយកឯកសារសុំចុះបញ្ជីដីធ្លីគ្មានស្នាមមេដៃនោះទៅបង្ខំអោយមេឃុំបិតត្រាងចុះហត្ថលេខាបោះត្រា ហើយបង្ខំអោយចៅហ្វាយស្រុកព្រៃនប់ឈ្មោះ សរ កក្កដា ចុះហត្ថលេខាទទួលស្គាល់ តែចៅហ្វាយស្រុក បានបដិសេធមិនចុះហត្ថលេខា ហើយផ្ដល់ព័តិមានមកអោយម្ចាស់ដីចំនួន៤នាក់ អោយដឹងពីរឿងមានគេលួចចុះបញ្ជីដីធ្លីលើដីកម្មសិទ្ធិ មានហត្ថលេខាមេឃុំបិតត្រាងឈ្មោះ មាច ចាន់ តែពុំមានស្នាមមេដៃអ្នកស្នើសុំទេ ។

ដោយសារភាពមិនប្រក្រតីនេះហើយ ទើបម្ចាស់ដីបានប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post