
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញដាក់ឲ្យដំណើរការ នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ ដែលមានទីតាំង នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តាមផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់នេះ គឺជាមណ្ឌលបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តធុនធ្ងន់ ជាពិសេសប្រភេទរថយន្តសណ្តោងទាំងឡាយ ដែលកន្លងមកមានការលំបាកក្នុងការស្វែងរកសាលាបង្រៀនបើកបររថយន្តប្រភេទនេះ។


មណ្ឌលបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកពង្រឹងគុណភាព នៃការបើកបររថយន្តធុនធ្ងន់ ដោយមានទំាងការអនុវត្តន៍ដៃចង្កូត រួមទាំងទ្រឹស្តី និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងជាមណ្ឌលគំរូ ដើម្បីជំរុញឲ្យមានការបង្កើតសាលាបង្រៀនរថយន្តធុនធ្ងន់ឲ្យបានច្រើនផងដែរ៕


