header ads

Sponsor

រិទ្ធី

លោក គឹម សុខ អ្នកវិភាគនយោបាយនៅកម្ពុជា និងកូនស្រីដែលមានអាយុទើបតែបាន៦ឆ្នាំ បានទៅដល់ប្រទេសទី៣ ដោយសុវត្ថិភាពហើយ ក្រោយពីចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគំរាមចាប់ខ្លួនដាក់គុកសារជាថ្មី បើគ្មានប្រាក់សងជំងឺចិត្តគាត់នូវទឹកប្រាក់ប្រមាណ ​៨០០​លាន​រៀល។ នេះបើយោងតាមហ្វេសប៊ុករបស់ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តបក្សប្រឆាំងដែលទើបទទួលបានសេរីភាពថ្មីៗនេះ។

លោក គឹម សុខ និងកូនស្រី បានភៀស​ខ្លួនពីប្រទេសកម្ពុជា​ដល់​ទីកន្លែង​មាន​សុវត្ថិភាព​ ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា ឆ្នាំ២០១៨។

តាមរយៈហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បានសរសេរថា៖ នៅថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨ ​នេះ​ លោក​ គឹម​ សុខ​ អ្នក​វិភាគ​នយោបាយ​ និង​កូន​ស្រី​ បាន​ចេញ​ដំណើរទៅកាន់​ប្រទេស​ទីបី​ហើយ ប្រកបដោយ​សុវត្ថិភាព​ បន្ទាប់ពីលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសស៊ុយអ៊ែត ក្នុងសហភាពអឺរ៉ុប។ សូមអបអរសាទរ! តុលាការក្រុងភ្នំពេញបានចេញដីការចាប់ខ្លួនលោក គឹម សុខ នាពេលថ្មីៗនេះ បន្ទាប់ពីលោកបានចេញពីពន្ធនាគារ។

គួររំលឹកថាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨  តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ពីបទ៖ ញុះញង់ឲ្យប្រព្រឹត្តបទល្មើស ជាអាទិ៍ បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក​ គឹម សុខ ធ្លាប់បាន​អះ​អាង​ថា លោក​ស្ម័គ្រ​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យល់​ព្រម​លើ​លក្ខ​ខណ្ឌ​របស់​លោក​២​ គឺ​ទី​មួយ ​​ត្រូវ​ព្រម​សន្យា​ការពារ​សុវត្ថិភាព​កូន​ស្រី​តូច​របស់​លោក និង​ទី​២ លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​ហ៊ាន​ឡើង​សវនាការ ត​តាំង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​លោក ក្នុង​នាម​ជា​ដើម​បណ្តឹង​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post