
កោះកុងៈ កម្មករសំណង់ម្នាក់ បានបរិភោគសាច់ត្រីកំពត សម្រាប់អាហារពេលល្ងាច ក្រោយសំរាកពីការងារ ក៏បណ្តាលឲ្យពុលស្លាប់ នៅវេលាម៉ោង២៖៤៨នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចអគារអនុវិទ្យាល័យប៉ាក់ខ្លង ដែលកំពុងសាងសង់ថ្មី ស្ថិតក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ ទិត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ កម្មករសំណង់ សាងសង់សាលារៀនប៉ាក់ខ្លង។ ជនរងគ្រោះមានស្រុកកំណើត នៅឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការបញ្ជាក់ពីភរិយាជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់បានបរិភោគត្រីកំពត នៅពេលទទួលទានអាហារពេលល្ងាច ស្រាប់តែនៅពេលចូលសំរាន ប្តីរបស់គាត់មានសភាពខុសប្លែកពីធម្មតា លុះដល់ព្រលឹមឡើង ប្តីរបស់គាត់បានស្លាប់បង់ជីវិតបាត់ទៅហើយ គាត់ក៏បានមករាយការណ៍ជូនសមត្ថកិច្ច។
បន្ទាប់ពីទទួលបានដំណឹងពីគ្រួសារជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានសហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះធ្វើកោសល្យវិច្ច័យសព ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងភរិយាសព។ ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានសពប្រគល់ជូនភិរិយា យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

