
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានថា៖ សាឡង់ដែលបានចូលចតនៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីឆ្នេរឯករាជ្យមិនមែនមកបូមខ្សាច់នៅឆ្នេរឯករាជ្យ(ឆ្នេរ៧ជាន់) ទេ។

សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថាសាឡង់នេះគឺត្រៀមសម្រាប់ធ្វើការផ្ទេរខ្សាច់ពីខេត្តសាឡង់ដើម្បីយកទៅចាក់បំពេញនៅផ្នែកមួយចំនួននៃបឹងព្រែកទប់តាមអនុក្រឹត្យលខេ២៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៨។
ការបកស្រាយពីនេះ ក្រោយពីរដ្ឋបាលខេត្តព្រះសីហនុទទួលបានព័ត៌មានថាមានសាឡង់០១គ្រឿង ដែលមានភ្ជាប់មកជាមួយនូវក្រចាក់សម្រាប់ចាប់យកខ្សាច់និងសាឡង់ដឹកជញ្ជូនចំនួន០២គ្រឿងបានចូលចតនៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីឆ្នេរឯករាជ្យ ឯកឧត្តម យន្ត មីន អភិបាលខេត្តបានចាត់ក្រុមការងារចម្រុះចុះទៅពិនិត្យដល់ទីតាំងផ្ទាល់។
បើតាមលោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាការដឹកខ្សាច់តាមសាឡង់ តាមផ្លូវទឹកពីស្ទឹងស្រែអំបិល មកឆ្នេរឯករាជ្យនេះ ដើម្បីកាត់បន្ថយការខូចខាតផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ។
គួររំលឹកថា បើតាមអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានសម្រេចកាត់ដីទំហំ១១,៥០ ហិកតា (១១ហិកតា និង៥០អា) ចេញពីតំបន់អភិរក្សទឹកសាបព្រែកទប់ ដែលមានទីតាំងនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។