header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនៅក្នុងខែតុលាកន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងការពារសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសនៅក្នុងការអន្តរាគមន៍ជួយដោះស្រាយចំពោះករណីប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ។ 

ជាមួយនេះផងដែរ ឯកឧត្ដមក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរ ដើម្បីចាត់វិធានការដោះស្រាយ ឲ្យបានកាន់តែលឿន និងឆាប់រហ័សឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងត្រូវចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងនៅមូលដ្ឋាន ។ 

ដោយឡែក អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវតាមដាន និងចុះពិនិត្យនូវរាល់ការងារទទួលខុសត្រូវរបស់ខ្លួន ដើម្បីចាត់ចែងកិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា និងលេងកម្សាន្តនៅក្នុងពិធីនេះផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post