
ភ្នំពេញៈ ជាងភ្លើងម្នាក់ប្រហែលជាភ្លាត់ស្នៀត ក៏ស្រាប់តែឆក់ចរន្តភ្លើងបណ្តាលឲ្យធ្លាក់ពីលើអគារសំណង់ជាន់ទី១៦ មកខាងក្រោម រងរបួសធ្ងន់ធ្ងរ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទល់មុខសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានបានឲ្យដឹងថាអគារកំពុងសាងសង់ដ៏ខ្ពស់នោះ មានកម្មករជាច្រើនធ្វើការនៅទីនោះ ស្រាប់តែដល់វេលាកើតហេតុ ក៏ស្រាប់តែភ្ញាក់ផ្អើលឡើង ខណៈដែលជាងភ្លើងម្នាក់បានភ្លាត់ស្នៀតត្រូវចរន្តភ្លើងឆក់បណ្តាលឲ្យធ្លាក់ ពីលើជាន់ទី៦ មកដីហើយភ្លាមៗនោះក្រុមកម្មករ ក៏បាននាំគ្នាជួយសង្រ្គោះដោយកដីខ្សាច់មកលុបលើជនរងគ្រោះ ដើម្បីជួយសង្រ្គោះសិន មុនពេលដែលរថយន្តពេទ្យមកដឹកយកទៅសង្រ្គោះនោះ ។


ពាក់ព័ន្ធហេតុការណ៍កម្មករផ្នែកជាងភ្លើងធ្លាក់ពីលើអគារនោះដែរ ខាងទីតាំងម្ចាស់អគារបានព្យាយាមលាក់បាំងរឿងហេតុដល់សម្ថកិច្ចទៀតផង សូម្បីតែអត្តសញ្ញាណជនរងគ្រោះ ខំលាក់បាំងដែរ តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចកំពុងចុះពិនិត្យនៅទីតាំងកើតហេតុ ។ ចំណែកជនរងគ្រោះកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

