header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ យុវជនម្នាក់ បានដាច់ជើងត្រឹមភ្លៅទាំងគូ ដោយសាររូបគាត់ស្រវឹងស្រាទៅដេកលើផ្លូវរទេះភ្លើង ក៏ត្រូវរទេះភ្លើងកិន ដាច់ជើង បង្កភាពភ្ញាក់ផ្អើល នៅវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨ នៅខាងកើតផ្លូវហានណូយ ប្រហែល១០០ម៉ែត្រ ក្នុងភូមិចុងថ្នល់ ខាងលិច  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផា រំចង អាយុ១៨ឆ្នាំ ធ្វើការរោងចក្រ (នៅលាវ) ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុ មានស្រុកកំណើតភូមិត្នោត ឃុំត្នោត ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

តាមសម្ដីបងថ្លៃស្រី បានប្រាប់សារព័ត៌មានឲ្យដឹងថា ប្អូនថ្លៃប្រុសរបស់គាត់( ជនរងគ្រោះ ) បានជប់លៀងនៅកន្លែងធ្វើការ មុនឈប់សម្រាកទៅស្រុក ចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីរបស់ខ្មែរ ព្រោះស្អែកត្រូវធ្វើដំណើរទៅលេងផ្ទះផង ក្រោយពី​បានជួបជុំផឹកស៊ីស្រវឹង ក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនរងគ្រោះ មិនឃើញត្រឡប់មកផ្ទះទេ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានគេមកប្រាប់ថា ជនរងគ្រោះ ត្រូវបានរថភ្លើងបើកកិនដាច់ជើងត្រឹមភ្លៅជាពីរកំណាត់បាត់ទៅហើយ បងជាសាច់ញាតិមកជួយមើលផង ដោយមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់ហើយ។ ទើបភ្លាមៗនោះគាត់ក៏​ប្រញាប់ប្រញាល់​ទៅមើលនៅកន្លែងកើតហេតុ។

យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលជាអ្នកលក់ចាប់ហួយនៅជិតកន្លែងកើតហេតុក៏បានប្រាប់អោយដឹងដែរថា កណ្ដាលអធ្រាត្រយប់មិញនេះ គាត់ឃើញមានមនុស្សប្រុសម្នាក់ដើរតែឯង ​ទ្រេតទ្រោតលើផ្លូវរថភ្លើង ច្បាស់ជាអ្នកស្រវឹងស្រាមិនខានទេ ដោយសារតែយប់ជ្រៅផង គាត់ក៏មិនបានចាប់អារម្មណ៍​ ហើយក៏ចូលសំរាកបាត់ទៅ តែមិននឹកស្មានថា មនុស្សដែលដើរ​ទ្រេតទ្រោត​យប់មិញនោះ បែរជាមកដេកនៅលើផ្លូវរទេះភ្លើង រហូតដល់វេលាម៉ោងកើតហេតុ ត្រូវរថភ្លើងមួយខ្សែវែង ដឹកសាំងមកពីខេត្ត មកកិនដាច់ជើងត្រឹមភ្លៅទាំងសងខាង និងដាច់ម្រាមដៃខាងស្ដាំអស់មួយម្រាមទៀត យ៉ាងនេះសោះ។

ក្រោយមក​ខណៈពេលប្រជាពលរដ្ឋកំពុង​រង់ចាំមើលផ្លូវ​រថយន្ត​សង្គ្រោះបន្ទាន់ ស្រាប់តែសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ​ស្រែកយំទ្រហោ​ ខ្លោចចិត្ត​យ៉ាងខ្លាំង​ ខណៈដែលឃើញសភាពជនរងគ្រោះ អាណោចអាធ័ម​ និង​ក្រវាត់​ដៃដង្ហើយហៅគេអោយជួយ។ ដោយ​សារតែការ​ទន្ទឹងរងចាំកាន់តែយូរមិនឃើញរថយន្តសង្គ្រោះណាមកយក ទើបសមត្ថកិច្ចទាក់ទងរក ពីមួយកន្លែងទៅមួយកន្លែងទៀត ហើយរង់ចាំរយៈពេលជិត ២ម៉ោង ទើបមានរថយន្តសាមុយរបស់មន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យ​លោកសង្ឃ) បើកមកដល់កន្លែងកើតហេតុ រួច​ប្រញាប់ប្រញាល់​លើកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋបាននាំគ្នា​ត្អូញត្អែរ​រិះគន់ ទៅលើរថយន្តគិលានសង្គ្រោះ របស់គ្លីនិកឯកជន​ ដែលតែងតែឃើញឈរជើង​ស្ទើគ្រប់កន្លែង​ក្នុងរាជធានីភ្នំពេញ ចាំដឹកអ្នករបួស គ្រោះថ្នាក់ផ្សេងៗ​ រាល់យប់នោះ​ថា អរគុណច្រើន​ដែលអស់លោកអ្នកបើកបររថយន្តគិលានសង្គ្រោះដែលកន្លងមកខិតខំជួយដឹកអ្នករបួសយកទៅព្យាបាល ព្រោះអោយតែលឺថាមានករណីគ្រោះថ្នាក់ចរាចរណ៍តិចតួចកើតឡើងនៅចំណុចណាមួយ គឺឃើញ​ប្រញាប់ប្រញាល់​ដំណ្ដើមអ្នករបួស បើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនដូចក្នុងរឿង ហុងកុង ព្រោះខ្លាចទៅមិនទាន់ ម៉្យាងវិញទៀត​បើករណីធ្ងន់ធ្ងរវិញ បាត់ឲ្យសូន្យ គ្មានឃើញអើតក្បាលចេញមកយកសោះ ឬទុកអោយគ្នា​ផុត​ ទើបមកដឹកសព​ ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post