header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ក្រុមឈ្មួញជួញផ្លែស្វាយទៅលក់នៅប្រទេសវៀតណាម បានត្អូញត្អែរប្រាប់អ្នកសារព៌ត័មានថា ប៉ុន្មានខែចុងក្រោយនេះ មុខរបរជួញផ្លែស្វាយ ទៅប្រទេសវៀតណាម មិនសូវចំណេញទេ ដោយចំណាយច្រើន ទៅលើកម្មករលើកដាក់ច្រើនសារ ជាពិសេសចំណាយទៅលើសមត្ថកិច្ច តាមដងផ្លូវ និងសមត្ថកិច្ចនៅប៉ុស្តិ៍ច្រកទ្វារព្រំដែន យកតាមក្បាលឡាន ប្រសិនបើឡានយីឌុប ត្រូវបង់៣០ម៉ឺនរៀល ក្នុង១គ្រឿង, ឡាន២៥តោន យក២៥ម៉ឺនរៀល បើត្រឹម១៥តោន ១៥ម៉ឺនរៀល ក្នុង១គ្រឿង បើដឹកតាមឡាន ទួរីសយក៥ម៉ឺនរៀលក្នុងមួយគ្រឿង ។

ក្រុមឈ្មួញបាននិយាយទៀតថា ពួកគាត់មានចម្ងល់ខ្លាំងណាស់ ពួកគាត់បង់ប្រាក់នៅច្រកព្រំដែនដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងនេះ មានចំនួន៥ស្ថាប័ន សរុបទឹកប្រាក់៣០ម៉ឺនរៀល ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាមួយ ឲ្យវិក័យបត្របង់ប្រាក់ឡើយ គឺក្រុមសមត្ថកិច្ចទាំងនោះ គេមកឡើងមើលលើរថយន្តរួចទារតម្លៃតែម្តង តាមគេប៉ាន់ស្មានថា ប្រហែលប៉ុន្មានតោន គេយកប្រាក់តែម្តង មិនដែលសរសេរវិក័យបត្រឡើយ ។

បើតាមបុរសម្នាក់ឈ្មោះ សួន ម៉ារ៉ា អាយុ២៧ឆ្នាំ ជាអ្នកជួញផ្លែស្វាយបានឲ្យដឹងថា ស្វាយពួកគាត់ ទៅម៉ៅតាមចំការនៅខេត្តកំពង់ស្ពឺ មកលក់ឲ្យឈ្មួញវៀតណាម នៅច្រកទ្វារតំបន់ព្រំដែនដូងនេះ មានបីប្រភេទ ស្វាយលេខ១ លក់បាន១គីឡូក្រាម ១,១០០រៀល ទៅ១,២០០រៀល ស្វាយលេខ២ ក្នុង១គីឡូក្រាម លក់បានពី៩០០រៀលទៅ១,០០០រៀល និងស្វាយលេខ៣ក្នុង១គីឡូក្រាមលក់បាន៧០០រៀល ។

ស្វាយលេខ១ ជួនកាលវៀតណាមទម្លាក់តម្លៃដល់៩០០រៀល ក្នុង១គីឡូក្រាមក៏មាន ធ្វើឲ្យខាត ដោយសារការចំណាយលើសមត្ថកិច្ចតាមដងផ្លូវច្រើនកន្លែង ហើយមកដល់ព្រំដែនវត្តដូង ភូមិដូង ឃុំដូង ស្រុករមាសហែកនេះ ចំណាយកាន់តែច្រើនទៀត គឺចំណាយលើកម្មករ លើកចុះពីឡានដាក់រ៉ឺម៉ក និងលើកពីរ៉ឺម៉កដាក់លើឡានវៀតណាម ក្នុង១តោន ៨,០០០រៀល ឈ្នួលរ៉ឺម៉ក១គ្រឿង១៦,០០០រៀល (១គ្រឿងដឹកបាន២តោន) ចំណាយឲ្យទាហានវៀតណាមក្នុងមួយរ៉ឺម៉ក២ម៉ឺនរៀល និងចំណាយឲ្យសមត្ថកិច្ច៥ស្ថាប័ននៅប្រចាំការច្រកទ្វារព្រំដែនដូង តាមក្បាលឡានចាប់ពី១៥ម៉ឺនរៀល ២៥ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលហើយ កាលពី៣ខែមុនវៀតណាម ឲ្យឡានស្វាយដឹកចូលដល់វៀតណាម គឺចំណាយអស់តិច ពេលសាងដាក់រ៉ឺម៉ក ចំណាយច្រើនហើយ ការចំណាយគ្មានវិក័យបត្រ គឺប្រាក់ដែលបង់នោះ បានទៅលើហោប៉ៅបុគ្គល ទើបពួកគាត់សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយមើលផង ។

ទាក់ទឹនករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូងបានទេ ដោយអ្នកយាមប្រាប់ថា មេមិននៅ ទៅប្រជុំនៅខេត្ត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post