
ភ្នំពេញៈ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅពិនិត្យទីតាំង Internet មួយកន្លែងយីហោ "អ៊ិនធឺណេត AA28" ដែលមានទីតាំងតាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្ដុំច្រមុះជ្រូកក្បាលថ្នល់ ចំណុចផ្ទះលេខ៨៤៧ ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយទទួលព័ត៌មានពីពលរដ្ឋថា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេត។
ការចុះបិទទីតាំងខាងលើ ធ្វើឡើងនៅវេលាម៉ោង១៖២៥នាទីរសៀល ថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយលោក ឡាច រតនា នាយរងប៉ុស្តិ៍ចាក់អង្រែលើ និងកញ្ញា ហម សុខងួន មន្ត្រីសាលាសង្កាត់ ព្រមទាំងលោក តូច ឃន ប្រធានភូមិ៧ និងលោកស្រី ជា ថុល មន្ត្រីការិយាល័យវប្បធម៌ខណ្ឌមានជ័យ បានចុះធ្វើកំណត់ហេតុបិទអាជីវកម្ម អ៊ិនធឺណេត AA28 បណ្ដោះអាសន្នតែម្ដង។ តែយ៉ាងណាក៏មិនមានការឃាត់ម្ចាស់ទីតាំង ឬដកហូតសម្ភារៈនោះទេ មានតែបិទទ្វារបណ្ដោះអាសន្ន និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាព បើកសេវាបង្កប់ល្បែងស៊ីសងបែបនេះតទៅទៀត។
បើតាមមន្ត្រីសាលាសង្កាត់ចាក់អង្រែលើ កញ្ញា ហម សុខងួន ប្រាប់មកកាន់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅក្នុងការចុះបិទទីតាំងអ៊ិនធឺណេតខាងលើនេះ គឺដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដាក់បញ្ជាមកអាជ្ញាធរថ្នាក់សង្កាត់ចាក់អង្រែលើ សហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើយ៉ាងណាត្រូវចុះធ្វើការអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបើកលេងល្បែងស៊ីងសង ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់បន្តទៀត បើពុំដូច្នោះ ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាក់ជាមិនខាន។
កញ្ញា ហម សុខងួន បន្ថែមទៀតថា ចំពោះទីតាំងអ៊ីនធឺណេតខាងលើ ទើបនឹងបើកធ្វើអាជីវកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ថ្មីៗនេះប៉ុណ្ណោះ គឺបើក២៤ម៉ោងលើ២៤ម៉ោង ដោយពុំមានធ្វើលិខិតជួលផ្ទះឲ្យសង្កាត់ដឹងឮ និងពុំមានអាជ្ញាប័ណ្ណឡើយ។
យ៉ាងណាមិញ ជុំវិញការចុះពិនិត្យខាងលើ នារីជាអ្នកមើលការខុសត្រូវ និងជាតំណាងម្ចាស់ទីតាំងឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣១ឆ្នាំ បានឯកភាពផ្ដិតមេដៃលើកំណត់ហេតុរបស់សមត្ថកិច្ច ទទួលស្គាល់ថា ខ្លួននឹងបញ្ឈប់ការបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេតនេះបន្តទៅថ្ងៃមុខទៀតផងដែរ៕








