header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខ្សឹបៈ មន្ត្រីធំៗជាច្រើនទាំងនៅរាជធានី និងនៅខេត្តតំបន់ភូមិភាគឦសា​ន ពិសេសនៅខេត្តរតនគិរីតែម្តង បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា ឈ្មួញឈើឈ្មោះ ហូ ជីវ៉ៃ ដែលមន្ត្រីរាជការ​ និងពលរដ្ឋនៅទីនោះដឹងគ្រប់ៗគ្នាថា ជាស្តេចក្រាញ់ឈ្មួញឈើដ៏មានអំណាច ឥទ្ធិពល និងលុយកាក់ កំពុងតែធ្វើសកម្មភាពកាប់ និងដឹលជញ្ជូនឈើចេញទៅវៀតណាមរាប់រយរថយន្តស្ទើរតែរាល់ថ្ងៃ វាហាក់បីដូចជាស្តេចក្រាញ់ឈ្មួញឈើរូបនេះ ទទួលបានជោគជ័យលើមុខជំនួញនេះខ្លាំងណាស់ ដោយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះ ហ៊ានបង្ក្រាប នោះឡើយ រហូតមានមន្ត្រីធំៗបានលើកឡើងថា "តើនេះជាជោគជ័យរបស់ស្តេចក្រាញ់ឈ្មួញឈើ ហូ ជីវ៉ៃ ឬជាការបរាជ័យនៃការអនុវត្តន៍បទបញ្ជានាយករដ្ឋរន្ត្រីពេញមួយអាណត្តិទី៥ និងបន្តអាណត្តិទី៦នេះទៀត ឬយ៉ាងណា?

មន្ត្រីទាំងនោះ បានបញ្ជាក់ប្រាប់នាយ ក្តាមប្រៃ យ៉ាងដូច្នេះថា លោក ហូវ ជីវ៉ៃ គឺជាស្តេចក្រាញ់វ័យក្មេង ប្រចាំភូមិភាគឦសាន បានន័យថា ឈ្មួញមួយនេះកំពុងតែល្បីល្បាញជំនាន់ក្រោយខាងបំផ្លាញបទល្មើសព្រៃឈើ បន្ទាប់ពីសេដ្ឋកិច្ច​ឈ្មួញឈើ ទ្រី ភាព និងឈ្មួញឈើច្រើនទៀត។

បើតាមព័ត៌មានពីខេត្តរតនគិរី បានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា បទល្មើសព្រៃឈើបច្ចុប្បន្នកំពុងនៅមានការចរាចរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ស្ទើរតែរាល់យប់ ទោះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខ្លះ បានដាក់កម្លាំងពង្រាយ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបក៏ដោយ ក៏មិនអាចទប់ស្កាត់ ឬបង្ក្រាបក្បួនរថយន្តដឹកឈើរបស់ស្តេចក្រាញ់ឈ្មួញឈើរបស់ ហូ ជីវ៉ៃ បានដែរ នេះដោយសារ ហូ ជីវ៉ៃ ប្រើដុ​ល្លារបន្ទន់ទឹកចិត្តសមត្ថកិច្ច ពីថ្នាក់ក្រោមដល់លើ  ទើបឈើចេញទៅវៀតណាមបានរលូន តាមច្រកក្នុងស្រុកអូរយ៉ាដាវ ដោយចេញម្តងៗពី៣០ទៅ៤០រថយន្តឯណោះ។ ឆាប់ៗនេះលោក ហូវ ជីវ៉ៃ នឹងនាំឈើចេញទៅប្រទេសវៀតណាម១ជើងទៀត ដែលដឹកចេញច្រើនរថយន្ត អាចខ្ទង់រយរថយន្តទៀតផង។

សកម្មភាពទាំងនេះ ត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ចំពោះអាជ្ញាធរក្នុងតំបន់នោះផងដែរ ប៉ុន្តែអាជ្ញាធរបានបដិសេធ ហើយថា ជារូបភាពគ្មានមូលដ្ឋាន និងគ្មាន​ប្រភពច្បាស់លាស់ ដែលជនខិលខូចធ្វើឡើងក្នុងគោលបំណងចង់បង្កចលាចលក្នុងសង្គម។

ពាក់ព័ន្ធរឿងកាប់ឈើ ដឹក​ជញ្ជូនចេញទៅវៀតណាម ដោយរលូនបែបនេះ បើតាមនាយ ក្តាមប្រៃ នៅចាំបាននោះ គឺថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានដកតំណែងចៅហ្វាយខេត្តបីរូប នៅភូមិភាគឦសាន្តនៃប្រទសកម្ពុជា ពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសព្រៃឈើ តាមបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រី បែបណាក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ជាហូរហែរ ស្តីពីសកម្មភាព ក្រុមឈ្មួញ ដែលមានមេក្លោងឈ្មួញឈើល្បីឈ្មោះ ហូរ ជឺវ៉ៃ បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក ដឹក និងអូសតាមឡានបាកុង ទម្លាក់ចូលទន្លេសេសាន ជារៀងរាល់ថ្ងៃតែម្តង ហើយដឹកបន្តទៅលក់នៅប្រទេសវៀតណាម ដែលមានសមត្ថកិច្ចទទួលផលពីមេឈ្មួញឈើនេះ ចាំបើកផ្លូវឱ្យគ្រប់ពេល ដោយគ្មានការបង្ក្រាបអ្វីឡើយ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យ​ប្រាប់មកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ដែលគេនិយាយតៗគ្នាថា ជាសេនាដៃស្តាំរបស់សមត្ថកិច្ចប្រដាប់អាវុធខេត្តរតនគីរី បានសម្រុកលួចកាប់ ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងកក្រើក នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយទម្លាក់​អូសបាកុងចូលទន្លេសេសានបណ្តែតក្បូន ឆ្លងដែនទៅវៀតណាម ដូចហែរកឋិន គ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។

បើនិយាយពីឈ្មួញរកស៊ី​បទល្មើសព្រៃឈើ ពីមុនគេតែងតែល្បីល្បាញឧកញ៉ា ខ្មូត នោះ គឺឧកញ៉ា ទ្រី ភាព ដោយសារឧកញ៉ា ទ្រី ភាព គឺជាបុរសខ្លាំង ដែលគ្មាននរណាបង្រ្កាបបាន បើទោះមានភស្តុតាង បន្ទាប់ពីរកស៊ី​ឈើយូរៗទៅ ឧកញ៉ាប្រចាំភូមិភាគឦសានមួយនេះ ក៏បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋី និងស្តេចក្រាញ់។ មួយរយៈក្រោយមកឧកញ៉ា ទ្រី ភាព ក៏បានដកខ្លួនចេញពីសមរភូមិក្តៅ បន្ទាប់ពីមានការរិះគន់ ឬអាចនិយាយបានថា ព្រៃឈើត្រូវបានទន្រ្ទាន ឬកាប់បំផ្លាញស្ទើរអស់។ ប៉ុន្តែទោះជាបែបណាក៏ដោយចុះ បទល្មើសព្រៃឈើនេះ ក៏មិនទាន់សាបរលាភទៅណាដែរ រហូតបច្ចុប្បន្នមានអ្នកថ្មីបន្តវេននោះ គឺលោក ហូវ ជីវ៉ៃ។

រឿងរ៉ាវនេះ នាយ ក្តាមប្រៃ នឹងរង់ចាំមើល ថាតើសមត្ថកិច្ចណា ដែលហ៊ានចេញមុខបង្ក្រាបឈើរបស់ស្តេចឈ្មួញឈើ ហូ ជីវ៉ៃ រូបនេះបានដែរឬយ៉ាងណា?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post