header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនវ័យជំទង់ម្នាក់ ញៀនថ្នាំផង និងលេងល្បែងស៊ី​សងផង​ លុះពេលអស់លុយពីខ្លួន ក៏បែកគំនិតធ្វើសកម្មភាពលួចកាច់កម៉ូតូ បានសម្រេច​ រួចយកទៅបញ្ចាំបានលុយ២០០ដុល្លារ​ គេចខ្លួន១២ម៉ោង​ លុះត្រឡប់មកវិញផ្ទះ​ សមត្ថកិច្ចចុះមកចាប់ខ្លួនបានល្មម។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧៖០៥យប់ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

សមត្ថកិច្ចឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ហេង សុខទី ភេទប្រុស អាយុ២៣ឆ្នាំ ជន​ជាតិខ្មែរ មុខរបរអ្នក​សារព័ត៌មាន ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ហួន ចាន់ណា អាយុ១៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សំណង់អនាធិបតេយ្យ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យ​ដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃកើតហេតុខាងលើ គាត់(ជនរងគ្រោះ)បានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0612 នៅចំណុចមុខផ្ទះកើតហេតុ រួចក៏បានចូលទៅសម្រាកមួយសន្ទុះ ក៏ត្រឡប់ចេញមកក្រៅវិញ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូគាត់ ជិះគេចពីកន្លែងកើតហេតុបាត់ ភ្លាមនោះគាត់ក៏​បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ។ ហើយគាត់ (ជនរងគ្រោះ) ក៏ត្រឡប់មកផ្ទះវិញ​ បើក​កាមេរ៉ា​សុវត្ថិភាព​នៅមុខផ្ទះរបស់ខ្លួនមើល​ ឃើញជនសង្ស័យ​ ដែលរស់នៅក្នុងភូមិជាមួយគ្នា​ បានធ្វើសកម្មភាព​លួច​យកម៉ូតូ​របស់ខ្លួន​ទៅ​ ទើបគាត់​បានយក​វី​ដេអូ​នោះ​ ទៅប្រគល់ឲ្យ​សមត្ថកិច្ច ​ដើម្បី​ងាយស្រួល​ក្នុងការស្រាវជ្រាវចាប់ជនសង្ស័យរូបនោះ។

ជនរងគ្រោះ​បន្តទៀត​ថា លុះមកដល់ម៉ោង៧យប់ថ្ងៃដដែល មិត្តភក្ដិ​របស់គាត់​ បានប្រទះឃើញ​ជនសង្ស័យ នៅមុខផ្ទះរបស់ជនសង្ស័យនៅចុងភូមិកើតហេតុ ទើបប្រញាប់​រត់មកប្រាប់​គាត់​ ភ្លាមនោះគាត់​(ជនរងគ្រោះ)ក៏​​បានរាយការណ៍​ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ ចេញជួយអន្តរាគមន៍​ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ​នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងចុងភូមិ​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ រួចយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ចំពោះ​មុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ​សារភាពថា​ ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះនៅមុខផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយក​ទៅបញ្ចាំ​នៅកន្លែងទទួលបញ្ចាំ​មួយកន្លែង​ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ បានលុយចំនួន​២០០ដុល្លា​រ រួចយកលុយមួយចំនួន​ទៅទិញ​ថ្នាំ​ជក់​ និងមួយចំនួនទៀត​រូបគេបានអោយ​មិត្តភក្ដិ​ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសល់លុយជាង១០ម៉ឺន​រៀល​ រូបគេក៏ប្រគល់អោយឪពុករបស់គេ​ ស្រាប់តែមួយសន្ទុះក្រោយមក​ក៏ឃើញ​សមត្ថកិច្ចចុះមកឃាត់ខ្លួន​រូបគេតែម្ដង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហួន ចាន់ណា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បីកសាង​សំណុំ​រឿង​ ចាត់ការតាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post