header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង​ បើកបរដោយបុរសស្រវឹងស្រាម្នាក់ ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ផ្លូវកោង បានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្ដង កាលពីវេលាម៉ោង​២៖០៥នាទី ទៀបភ្លឺថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា​​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកោង ក្រោយវិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ តាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម ឲ្យដឹងថា អ្នកបើកបរ​រថយន្តបង្កមានឈ្មោះ ជា តុងលុយ ភេទប្រុង អាយុ៤១ឆ្នាំ មានទីលំនៅ​ផ្ទះលេខB2 ផ្លូវ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ភ្នំពេញ និងមានស្រុកកំណើតនៅឯស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន​ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ​ 2C-0409 បើកបរដោយបុរសស្រវឹងស្រាម្នាក់​ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន​។ លុះដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង​ និងពុំមានភ្លើងបំភ្លឺផ្លូវផងនោះ អ្នកបើកបរ​បានបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋលាន់ឮដូចរន្ទះ បណ្ដាលឲ្យបាក់​បង្គោល​របងខ្ទេច ​កល់ជាប់រថយន្តបើកទៅមុខលែងរួច ហើយរថយន្តផ្ទុះកង់ និងខ្ទេចមុខខាងស្ដាំ ព្រមទាំងផ្ទុះពោងសុវត្ថិភាពទាំង២ផងដែរ តែមិនបណ្ដាលឲ្យអ្នកបើកបរនោះ រងរបួសនោះទេ។

ប្រភពបន្តទៀតថា ​ភ្លាមនោះ ម្ចាស់ផ្ទះកើតហេតុ ប្រញាប់ប្រញាល់​ចេញមក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែម្ចាស់រថយន្តបង្កបានសុំដោះស្រាយ ដោយព្រមសងការខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង​ និងហៅបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយរុញអែបចូលខាងសិន ដើម្បី​ការពារ​កុំអោយមាន​យានយន្ត​ផ្សេងទៀត បើកមក​ប៉ះ ព្រោះ​ចំណុចកើតហេតុជាផ្លូវកោង និង​មិនមានភ្លើង​បំភ្លឺ​ផ្លូវ។

ក្រោយពេលកើតហេតុ ភាគីខាងម្ចាស់រថយន្ត​ បានអរគុណបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ ហើយរង់ចាំក្រុមគ្រួសារ​យកលុយមក​សង​ថ្លៃខូចខាតនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post