header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ចោលប្រពន្ធ និងកូនទើបកើតបាន៥ខែ គួរឲ្យ​អាសូរ ខណៈពេលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន វ៉ាជែងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តចំពីចំហៀងឆ្វេងផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យ​ផ្លោងបោកផ្ទប់និងកញ្ចក់រថយន្ត រួចធ្លាក់បោកនឹងថ្នល់ ហើយស្រាប់តែមានរថយន្ត(មិនចាំម៉ាក​)មួយកន្លែង​ទៀត បើកមកពីក្រោយ​បុកកិនជនរងគ្រោះបន្ថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧នឹង១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា​​ ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្ពាន​ព្រំប្រទល់​សង្កាត់ចាក់អង្រែក្រោម​ និងសង្កាត់ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ​​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ កង ធី អាយុ២៥ឆ្នាំ​ កម្មកររោងចក្រ ស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ មានប្រពន្ធឈ្មោះ ផារី អាយុជាង២០ឆ្នាំ ស្នាក់នៅជាមួយគ្នា និងទើបតែសម្រាលកូនបាន៥ខែប៉ុណ្ណោះ។

ប្រភពព័ត៌មានពីបងប្រុសម្នាក់​ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍​ ដឹងថា មុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-0989 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ លុះដល់ចំណុចកើតហេតុ​​ ស្រាប់តែជនរងគ្រោះ បើកម៉ូតូមួយគ្រឿង​ ម៉ាក HONDA-Dream ពណ៌ខ្មៅ​ ពាក់ស្លាកលេខស្វាយរៀង 1G-8233 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងវិញ បានវ៉ាជែងរថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុកជាមួយរថយន្តកាមរីបាឡែនខាងលើ ចំពីចំហៀងឆ្វេងខាងមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះផ្លោងបោកផ្ទប់និងកញ្ចក់រថយន្ត រួចធ្លាក់បោកនឹងថ្នល់ រងរបួសធ្ងន់ បន្តិចក្រោយមកស្រាប់តែមានថយន្ត(មិនចាំម៉ាក) បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុកកិនជនរងគ្រោះបន្ថែមទៀត បណ្ដាលបាក់ជើងឆ្វេងនិងដងខ្លួន ស្លាប់មួយរំពេចតែម្ដង ហើយរថយន្តដែលបុកបន្ថែមនោះ​ ក៏បើករត់បាត់ស្រមោលតែម្ដង បន្សល់ទុក​​តែសាកសពជនរងគ្រោះនិងរថយន្តកាមរីបង្កហេតុ ដែលបែកកញ្ចក់ផ្នែកខាងមុខ ហើយផ្ទុះកង់មុខខាងឆ្វេងនៅកន្លែងកើតហេតុប៉ុណ្ណោះ។ ចំណែកអ្នកបើករថយន្តកាមរី​មិនបានរត់គេចខ្លួននោះទេ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរផងដែរ។

បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍ ឲ្យដឹងថា​ មុនពេលកើតហេតុ​ ប្ដីរបស់គាត់បានទៅលេងម្ដាយ ទើបមកពីស្រុកនៅផ្ទះបងប្អូននៅចាក់អង្រែលើ ហើយនៅពេលត្រឡប់មកវិញ​ បែរជាជួបគ្រោះថ្នាក់​បណ្ដាលឲ្យ​ស្លាប់​បែបនេះទៅវិញ។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង​នឹងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ​និងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ​ក្នុងភូមិព្រែកកំពឹស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post