header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប​ បានជិះម៉ូតូមកឈប់​មុខផ្ទះ​លក់​ភេសជ្ជៈ​ និងចាប់ហួយ ដោយមិនបាន​ពន្លត់​ម៉ាស៊ីន​ទេ ព្រោះម៉ូតូ​អត់សោ រួចចូលទៅទិញទឹកក្រូច ស្រាប់តែងាកមកមើល​ម៉ូតូ​ ឃើញ​ជនសង្ស័យម្នាក់ ជិះចេញទៅ ទើបស្រែក​ចោរៗ ផ្អើល​ឆោឡោ​ឡើង ហើយត្រូវប្រជាពលរដ្ឋជួយដេញតាម​រហូតចាប់ឃាត់បានមកវិញ រួចស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកវាយខ្នោះ​បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍​ភ្លាមៗផងដែរ។

ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង៨៖១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅមុខផ្ទះ​លក់​ភេសជ្ជៈ​ និងចាប់ហួយ​មួយកន្លែង​ នៅតាមផ្លូវជាតិលេខ២ ជិតច្រកចូល​រោងអ្នកតា​ចិន (ប៊ិ អៀ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ហើយព្យាយាមជិះម៉ូតូគេចខ្លួន និងឃាត់ខ្លួនបាន នៅទល់មុខរោងចក្រ៥ជាន់(បាយក្ដាំង) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ងៀង វាំងសឺង ហៅ "អា តេវ" ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរ(មិនពិតប្រាកដ) ស្នាក់នៅផ្ទះជួលជាមួយមីង នៅម្ដុំស្ពានបាក់ ខណ្ឌច្បារអំពៅ​ ភ្នំពេញ​។  ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ ហឹម រ៉ាគឿន ភេទប្រុស​ អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីបុរសម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា មុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1AQ-7368 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង​ លុះមកដល់​មុខផ្ទះ​លក់​ភេសជ្ជៈ​ និងចាប់ហួយកើតហេតុខាងលើ គាត់បានឈប់ម៉ូតូ ដោយមិនបាន​ពន្លត់​ម៉ាស៊ីន​ទេ ព្រោះម៉ូតូ​អត់សោ រួចចុះពីលើម៉ូតូ​ ចូលទៅទិញទឹកក្រូច​ ហើយក៏ងាកមកមើល​ម៉ូតូ​របស់គាត់វិញ ស្រាប់តែឃើញ​ជនសង្ស័យម្នាក់ ឡើងជិះលួចចេញទៅ ទើបគាត់​ស្រែក​ "ចោរៗ" ​ឆោឡោ​ឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយនាំគ្នាជួយដេញតាម​ ចំណែកគាត់​ក៏​បាន​លើកដៃ​សំពះ​បុរសម្នាក់​ដែលជា​មន្ត្រី​រាជការ​ តែស្លៀកពាក់​ស៊ីវិល​ ដោយសុំអោយជួយដឹក​តាមជនសង្ស័យផង ទើបគាត់យល់ព្រម​ជិះទៅតាមរកមើលដែរ លុះគាត់ជិះតាមរក​ដល់​ជិត​ស្តុប​បត់​ទៅផ្លូវ៦០ម៉ែត្រ​ ស្រាប់តែមាន​ប្រជាពលរដ្ឋ​បានជិះមក​ប្រាប់គាត់ថា​ ពូៗ ចាប់បានចោរលួចម៉ូតូពូហើយ​ ទើបគាត់ជិះត្រលប់ក្រោយមកដល់ មុខរោងចក្រ៥ជាន់(បាយក្ដាំង) ឃើញបងប្អូន​ប្រជាពលរដ្ឋ​កំពុងស្វាគមន៍ម្នាក់មួយដៃមួយជើង បែកមុខបែកមាត់ ទើបរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ​ចុះមកកន្លែងកើតហេតុ​។ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរ ឃើញមានដែក​លួសចុងស្រួល​ដែលជា​ឧបករណ៍សម្រាប់​ឆ្កឹះ​ចោរគ្រប់ប្រភេទ រួមទាំងប្រដាប់ជក់​ថ្នាំញៀន​មួយទៀត រួចវាយខ្នោះ​បញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍​ភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ​ ជនសង្ស័យបានរៀបរាប់ប្រាប់ថា​ រូបគេទើបតែស្គាល់​បុរសម្នាក់​ឈ្មោះ​ ឆែប (តែមិនដឹងផ្ទះនៅណាទេ) ដែលបានស្គាល់គ្នាប្រហែល៥-៦ថ្ងៃទេ នៅកន្លែងណេតមួយកន្លែង នៅប្លុកក្បែរកន្លែងកើតហេតុខាងលើ ហើយនៅថ្ងៃកើតហេតុនេះទេ​ ដោយសារតែរូបគេទាំង២នាក់​ ទៅជក់ថ្នាំ​ហើយមកវិញលេងណេតចាញ់អស់លុយដូចគ្នា ទើបនិយាយ​ត្រូវរ៉ូវ​គ្នា ក៏បបួលគ្នា​ចេញឆក់​ ហើយក៏ប្រទះឃើញ​បុរសរងគ្រោះជិះម៉ូតូមកឈប់​ចូលទៅទិញទឹកក្រូច​ ហើយ​មិនពន្លត់​ម៉ាស៊ីនទៀត ដែលជាឱកាសល្អ ទើបបុរសឈ្មោះ​ ឆែប​ បានប្រាប់ឲ្យដឹង រួចរូបគេក៏រត់ឡើងជិះម៉ូតូរបស់ជនរងគ្រោះនោះ បើករត់ចេញ​បានជិត១គីឡូម៉ែត្រ​ ខណៈពេលម៉ូតូជិះមិនសូវបានលឿនផង ស្រាប់តែ​ឃើញ​គេនាំគ្នា​ ជិះដេញតាមពីក្រោយ​មក ​ស្ទាក់និងឃាត់ខ្លួនបានតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង​ ដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ទើបកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រគល់ជនសង្ស័យ ទៅអោយប៉ុស្តិ៍នគរបាលចាក់អង្រែលើវិញ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post