header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលនៅកម្ពុជា បានលើកឡើងថា កម្ពុជា មិនចាំបាច់ត្រូវការវត្តមានកងទ័ពបរទេសមកលើទឹកដីរបស់ខ្លួនឡើយ។ នេះជាការឆ្លើយតបទៅនឹងមតិរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលលើកឡើងថា ខ្មែរ អនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ធ្វើជាមូលដ្ឋានយោធារបស់ចិន។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា នៅកម្ពុជា គ្មានកងទ័ពបរទេសទេ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការការរៀបចំធ្វើសមយុទ្ធយោធារួមគ្នា ហើយកម្ពុជា ក៏ធ្លាប់បានធ្វើសមយុទ្ធជាមួយនឹងប្រទេសជាច្រើនផងដែរ។ សម្ដេចបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ ក្នុងគោលបំណងហ្វឹកហាត់ សង្គ្រោះពេលមានគ្រោះមហន្ដរាយ ប្រឆាំងភេរវកម្ម ហ្វឹកហាត់ដើម្បីជួយពលរដ្ឋ ហ្វឹកហាត់យន្ដហោះធ្លាក់ និងបញ្ហាមួយចំនួនទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា សព្វថ្ងៃកម្ពុជា គ្មានកងទ័ពបរទេសឡើយ ពិតណាស់កងទ័ពបរទេស ដែលមកកម្ពុជា នៅឆ្នាំ១៩៩១-១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ប៉ុន្តែឥឡូវនេះ មានតែកងទ័ពកម្ពុជា បញ្ជូនទៅក្រៅប្រទេសប៉ុណ្ណោះ។

សម្ដេចក៏បានទទួលស្គាល់ថា កម្ពុជា មានកងទ័ពបរទេស ក៏ប៉ុន្ដែកងទ័ពទាំងនោះ គឺជាអនុព័ន្ធយោធានៅតាមស្ថានទូតនានា ហើយកងទ័ពបរទេសមួយចំនួននៅកម្ពុជា គឺដើម្បីចូលរួមដោះមីន ដែលភាគច្រើនមកពីប្រទេសឥណ្ឌា បារាំង និងអាមេរិក ជាដើម។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា “យើងទាត់ចោលដាច់ខាត នូវការប្រកួតប្រជែងខាងមនោគមន៍វិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរ ដូចពីអតីតកាល ហើយទាត់ចោលដាច់ខាត នូវការប្រកួតប្រជែងយកកម្ពុជា ធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឲ្យកម្ពុជា”

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ លើកឡើងទៀតថា ក្រោមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយសម្ដេច អត់ត្រូវការឲ្យបរទេសមកធ្វើសង្គ្រាមនៅលើទឹកដីកម្ពុជាទេ ដូច្នេះ កុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធឲ្យសោះ។

នាយករដ្ឋមន្ដ្រី ចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភក្តិ ដែលត្រូវរួមសហការជាមួយគ្នា ដើម្បីអភិវិឌ្ឍន៍។ សម្ដេច ចង់ឲ្យមិត្តភក្តិបរទេសទាំងអស់ មកប្រកួតប្រជែងគ្នាតែទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post