យើងមានបេសកកម្មការពារអ្នក ទោះជាមានឧបសគ្គយ៉ាងក៏ត្រូវតែខិតខំសម្រេចឲ្យបាន។ សូមអបអរសាទរចំពោះលទ្ឋផលបញ្ចប់ទាំងស្រុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នៅតំបន់ដែលឯកភាព។ នេះជាសំណេរនៅក្នុងហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន។
អ្នកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់ថា ចំពោះតំបន់ដែលមិនទាន់ឯកភាពគ្នា កម្ពុជា-វៀតណាម នឹងបន្តចរចា និងរកដំណោះស្រាយជាមួយគ្នា។ តំបន់ណាដែលយើងឯកភាពគ្នា យើងដោះស្រាយទៅ ហើយតំបន់ណាមិនទាន់ឯកភាពគ្នា គឺយើងបន្តធ្វើការរួមគ្នាទៅ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងព្រំដែនមិនមែនយើងធ្វើមួយថ្ងៃឈប់ទេគឺយើងធ្វើរហូត។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំងបានចាត់ទុកការបន្តមានះបោះបង្គោលព្រំដែន ដោយរបបឯកបក្សរបស់សម្តេច ហ៊ុន សែន ដោយគ្មានការចូលរួមពីអង្គការសង្គមស៊ីវិល និង មន្រ្តីបក្សប្រឆាំងបែបនេះ ថាជាគ្រោះថ្នាក់មួយ ដែលធ្វើឲ្យប្រទេសកម្ពុជា ខាតបង់យ៉ាងច្រើន។ ដូច្នេះ រដ្ឋាភិបាលខ្មែរយើង ធ្វើម៉េចបោះបង្គោលហ្នឹង ដើម្បីកាត់ដីឲ្យយួន សងគុណយួន ដែលបានលើកបន្តុបគាត់តាំងពីទសវត្សន៍ទី ៨០។ ចង់សងគុណយួន ដោយកាត់ដីខ្មែរ។ នេះជាការផ្តល់បទសម្ភាសន៍របស់លោក អ៊ុំ សំអាន ជាមួយវិទ្យុអាស៊ីសេរី។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម បានសន្យារួមគ្នាជំរុញបញ្ចប់ការបោះបង្គោលព្រំដែន គោកឱ្យរួចរាល់ក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ។ ភាគីទាំងពីរមានគោលបំណងធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនគោក នៃប្រទេសទាំងពីរ ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមក របស់ប្រជាជនក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច។
កម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែង ១ ២៧០គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែនរួមគ្នាចំនួន ៣១៤បង្គោល។