header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាប ហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឃាត់ខ្លួនមនុស្ស៦នាក់ផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការទម្លាក់កំហុសលើក្រុមកាយដីភ្នំខុសច្បាប់ ធ្វើឲ្យរថយន្តដឹកឈើ១គ្រឿង ក្រឡាប់សង្កត់តៃកុងស្លាប់ម្នាក់ កាលពីដើមខែវិច្ឆិកា។

ដោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានវិធានការរបស់ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន អេស្កាវ៉ាទ័រ ចំនួន៣គ្រឿង និងរថយន្តដឹកដីចំនួន៩គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ដែលពាក់ព័ន្ធទាំង៦នាក់ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post