header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ដ្រី២នាក់ បើករថយន្ត LEXUS RX-330 ពាក់ស្លាកលេខ ភ្នំពេញ​ 2AC-6646 មិនបានពាក់ខ្សែក្រវ៉ាត់ ត្រូវបានប៉ូលិសចរាចរណ៍បានចេញមកឃាត់ រួចធ្វើការណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក បែរជាស្ត្រីទាំង២នាក់ខាងលើ​ មិនព្រមចុះពីរថយន្តទេ ហើយថែមទាំងចង់បើកទៅបុកមន្ត្រីនគរបាលចរាចរណ៍នោះ​ទៀត។ ក្រោយមក​សមត្ថកិច្ចក៏បានហៅរថយន្តមកអូសយករថយន្តទាំងមនុស្សលើរថយន្តទៅ​ការិយាល័យចរាចរណ៍​ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយបន្តផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣៖០១នាទីរសៀល​ ថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨នេះ​ ត្រង់ចំណុចស្តុបឈាងខាងជើង នៃសណ្ឋាគារ កាំប៉ូឌីយ៉ាណា ទល់មុខ​សណ្ឋាគារ​ ហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

បើតាមការសាកសួរនៅក្នុងវិដេអូនោះឃើញថា ប៉ូលិសចរាចរណ៍ គឺមិនបានប្រើពាក្យសម្តីមិនសមរម្យនោះទេ គ្រាន់តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្ត ដើម្បីឲ្យប៉ូលិសផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។​ ខណៈដែលស្ត្រីដែលជាសមីខ្លួនចេញមុខបកស្រាយថា ចំពោះការបើកបររថយន្តដោយមិនបានពាក់ខ្សែក្រវ៉ាត់​ រូបនាងព្រមទទួលស្គាល់ថា ល្មើសច្បាប់ចរាចរណ៍ពិតមែន ដោយយល់ព្រមឲ្យសមត្ថកិច្ចផាកពិន័យ​ ២៥០០០រៀល​ តែមន្ត្រីប៉ូលិសចរាចរណ៍ខាងលើ បានទាមទារឲ្យពួកនាង បង់ថ្លៃផាកពិន័យត្រឹមតែ​ ១៥០០០រៀល​ ដោយមិនចាំបាច់មានវិក័យប័ត្រ​ផាកពិន័យ​នោះទេ​ ប៉ុន្តែនាងមិនព្រមបង់ជូនតាមសំណើរ​ ទើបមន្ត្រីប៉ូលិសខាងលើ បានឃាត់រថយន្តរបស់ពួកនាង ហើយថែមទាំងហៅអ្នកសារព័ត៌មាន មកបំភ្លើសការពិតទៅវិញ ដោយចោទថា រូបនាងបើករថយន្តរកបុកប៉ូលិសទៅវិញ។ ហើយនាងបានបន្ថែមទៀត ហួសចិត្តទាំងថា នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ​ ហើយគ្មានការសម្របសម្រួលដោយសន្តិវិធី​ និងភាពយុត្តិធម៌នោះទេ ថែមទាំងចោទប្រកាន់រូបនាងទៀតថា ចង់បើកបុកមន្ត្រីប៉ូលិសចរាចរណ៍ទាំងនោះទៅវិញ។

ក្រោយមកនៅវេលាម៉ោង១១យប់ថ្ងៃដដែលនេះ គណនេយ្យ​ហ្វេសប៊ុក​មួយឈ្មោះថា "Chann Sophea" បានបកស្រាយចំពោះព័ត៌មានពិស្ដារពីហេតុការណ៍នោះទាំងស្រុងថា ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ជាជនជាតិខ្មែរ សញ្ជាតិកម្ពុជា​ សូមធ្វើការបកស្រាយចំពោះមុខមហាជនកម្ពុជាឲ្យបានជ្រាបជាព័ត៌មានពិស្តារផងដែរ ប៉ូលិសមួយរូបនេះ មានអាកប្បកិរិយាមិនគប្បីចំពោះនាងខ្ញុំដែលជាប្រជាពលរដ្ឋមួយរូប ដែលមិនបានពាក់ខ្សែក្រវ៉ាត់តាមគោលការណ៍ច្បាប់ចរាចណ៍​ ទី១​ តម្លៃផាកពិន័យ​ ២៥០០០រៀល​ តែប៉ូលិសមួយរូបនេះ ទាមទារឲ្យពួកនាងខ្ញុំបង់ត្រឹមតែ​ ១៥០០០រៀល​ ដោយមិនចាំបាច់មានវិក័យប័ត្រ​នោះទេ​ ប៉ុន្តែនាងខ្ញុំមិនព្រមជូនតាមសំណើរទេ​ ដូចនេះហើយបានជាពួកគាត់ឃាត់ឡានពួកនាងខ្ញុំ​ ថែមទាំងហៅអ្នកសារព័ត៌មាន មកបំភ្លើសការពិតទៅវិញ នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ​ ហើយគ្មានសម្របសម្រួលដោយសន្តិវិធី​ ដោយភាពយុត្តិធម៌នោះទេ ថែមទាំងចោទប្រកាន់នាងខ្ញុំថា ចង់បើកបុកពួកគាត់ទៅវិញ។

សូមបញ្ជាក់ផងដែរថា នាងខ្ញុំឋិតនៅក្នុងសង្គមគ្រួសារមួយដែលគ្មានអំណាចខ្សែធំខ្សែតូចដូចដែលពួកគាត់និយាយមកកាន់ពួកនាងខ្ញុំនោះទេ មួយវិញទៀត អ្នកដែលប្រើខ្សែនឹងអំណាច គឺជាពួកគាត់វិញនោះទេ ដោយឃុបឃិតជាមួយអ្នកសារព័ត៌មាន បំភ្លើសអ្វីដែលជាការពិត. មួយវិញទៀត​ តម្លៃ២៥០០០រៀល​ មិនមានអ្វីច្រើនចំពោះនាងខ្ញុំទេ ផ្ទុយទៅវិញនាងខ្ញុំចង់បង់ប្រាក់២៥០០០រៀល​នេះ ចូលទៅក្នុងបញ្ចីថវិការដ្ឋ ដោយមានវិក័យប័ត្រត្រឹមត្រូវ តាមច្បាប់ជាធរមាន មិនមែនជូនទៅដល់អស់លោកប៉ូលិសតាមតែអំពើរចិត្តនោះទេ.............។

សូមបញ្ជាក់ថា​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរិ៍ចុងសប្ដាណ៍មុននេះ ក៏បានធ្វើកំណែទម្រង់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកមុនគេ ដូចជា សម្លៀកបំពាក់របស់មន្រ្តីនគរបាលតាមគោលដៅ ត្រូវសមរម្យ ឥរិយាបថទន់ភ្លន់សុភាពរាបសារ និងអនុវត្តច្បាប់ឲ្យមានត្រឹមត្រូវ ជាពិសេស កែទម្លាប់ពួនស្ទាក់ចាប់អ្នកបើកបរខុសច្បាប់ជាដើមផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post