header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស២នាក់ ម្នាក់ បែកប្លោកនោម​ និងម្នាក់ទៀត បែកមុខមាត់ ដេករណូករណែលនៅកណ្ដាលផ្លូវតែម្ដង បន្ទាប់ពីពួកគេជិះម៉ូតូស៊េរីចាស់មួយគ្រឿង​ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកទៅបុកពេញទំហឹង បណ្ដាលធ្លាក់កាង និងកម្ទេចកញ្ចាក់ពេញផ្លូវ។ ភ្លាមៗនោះ រថយន្តបង្កក៏បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់តែម្ដង​។

​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅវេលាម៉ោង៧៖៥០នាទីយប់ ថ្ងៃទី​១ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចទល់មុខ​ការដ្ឋាន​សាងសង់​អគារ​ខ្ពស់ក្រុមហ៊ុនចិន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ដោយអ្នកបើកម៉ូតូ​របួសបែក​ប្លោកនោម​ និងអ្នកជិះពីក្រោយ​របួស បែកមុខបែកមាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគប់ ស៊េរីចាស់ ពាក់ស្លាកលេខ​ គ-3123 ភព១ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនធម្មតា។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត​ (មិនចាំម៉ាក) បានធ្វើដំណើរស្របគ្នា ក្នុងល្បឿនលឿន​ ក៏បុកទៅចំពេញទំហឹងពីក្រោយ ធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះដួលអូសខ្ទាតប្រហែល២០ម៉ែត្រ​ បណ្ដាលបុរស២នាក់នោះ របួសធ្ងន់ ដោយម្នាក់ បែកប្លោកនោម​ និងម្នាក់ទៀត បែកមុខមាត់​ ដេកនៅកណ្ដាលផ្លូវតែម្ដង។ ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ដើម្បីមើលជនរងគ្រោះនោះទេ ក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្ដង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងបងប្អូនកម្មករសំណង់រត់មកជួយ​លើក​ពីចិញ្ចើមផ្លូវ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកដល់កន្លែងកើតហេតុ​ និងហៅរថយន្ត​សង្គ្រោះបន្ទាន់មកដឹក​ជនរងគ្រោះ​យកទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ជនរងគ្រោះទាំង២ ត្រូវបានរថយន្ត​គិលាន​សង្គ្រោះគ្លីនិកឯកជន​ សួគ៌ា មកដឹក​យកទៅមន្ទីរពេទ្យ។ ចំណែកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់​ ហើយបានធ្វើការសាកសួរ​អ្នក​ឃើញហេតុការណ៍ និងយកម៉ូតូជនរងគ្រោះទៅ​រក្សាទុក ​ដើម្បី​រង់ចាំសាច់ញាតិ​ជនរងគ្រោះ​ មកយកត្រឡប់ទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post