
ភ្នំពេញៈ នៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតពិធីអុំទូក បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨។
នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ គឺបានបង្ហាញឲ្យកូនចៅខ្មែរ និងភ្ញៀវទេសចរបរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិសាសន៍យើងផងដែរ។
សូមជនរួមជាតិ និងភ្ញៀវទេសចរបរទេសចូលរួមកម្សាន្តសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកជាបន្តទៀតនៅថ្ងៃទី២ស្អែកនេះ។ ទាំងនេះ ជាខ្លឹមសារនៅលើទៅទំព័រហ្វេសប៊ុកសម្ដេចតេជោ នាយករដ្ឋមន្ត្រី៕































