
ភ្នំពេញៈ យុវជនម្នាក់ បានរងរបួសដៃជើង និងដងខ្លួន បន្ទាប់ពីរូបគាត់ស្រវឹងស្រឿងៗ ហើយឆ្លៀតនិយាយទូរស័ព្ទ ពេលកំពុងបើកម៉ូតូ Zommer-X ដោយខ្វះការប្រុងប្រយ័ត្នទៀត ក៏ជ្រុលទៅបុកពេញទំហឹង ពីក្រោយរថយន្ត Prius បើកបរដោយស្រីស្អាតម្នាក់ មកឈប់ចតកន្លែងងងឹតអែបខាងស្ដាំដៃ ដើម្បីរងចាំមិត្តភក្តិ (ដោយមិនបើកភ្លើងសញ្ញាសុំផ្លូវ) បណ្តាលឲ្យដួលអូសបោកផ្ទប់ចូលក្រោមរថយន្តតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់កន្លែងបង្គោលភ្លើងដែលបាក់ច្រើនឆ្នាំ តាមផ្លូវជាតិលេខ២ (មុខផ្សារឡឥដ្ឋ) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់២នាក់ បើករថយន្ត Pirus មួយគ្រឿង ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0743 មកឈប់ចតកន្លែងងងឹត ត្រង់កន្លែងបង្គោលភ្លើងដែលបាក់ច្រើនឆ្នាំ តាមផ្លូវជាតិលេខ២ រួចអែបខាងស្ដាំដៃ ដើម្បីរងចាំមិត្តភក្តិម្នាក់ទៀត (ដោយមិនបើកភ្លើងសញ្ញាសុំផ្លូវ) មួយសន្ទុះក្រោយស្រាប់តែមានយុវជនម្នាក់ ស្រវឹងស្រាស្រឿងៗ ខណៈដែលកំពុងនិយាយទូរស័ព្ទ ហើយបើកម៉ូតូ Zommer-X មួយគ្រឿង ពណ៌ក្រហមលាយខ្មៅ (មិនចាំស្លាកលេខ) មិនប្រយ័ត្ន ក៏ជ្រុលទៅបុកពេញទំហឹង ពីក្រោយរថយន្តពេញទំហឹង ដួលអូសបោកផ្ទប់ចូលក្រោមរថយន្ត បណ្តាលឲ្យរងរបួស ដៃជើង និងដងខ្លួន តែត្រូវបានសមត្ថកិច្ចល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកអន្តរាគមន៍ទាន់ពេល។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំង២ ធ្វើការចរចារគ្នាមួយជំហានសិន បន្ទាន់មកជនរងគ្រោះក៏ព្រមសង់ភាគីរថយន្ត ដោយដកលុយមកមានលុយខ្មែរ និងលុយដុល្លារ សរុបជិត២០ដុល្លារ ទើបភាគីម្ចាស់រថយន្តបើករថយន្តចេញបាត់ពីកន្លែងកើតហេតុ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយហៅរ៉ឺម៉កម៉ូតូ មកដឹកយកទៅផ្ទះរបស់ជនរងគ្រោះ នៅម្ដុំមាត់ស្ទឹង ក្រុងតាខ្មៅ៕







