header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ថិតក្នុងស្ថានភាពប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន កងយោធពលខេមរភូមិន្ទ គឺជាសសរគ្រឹះដ៏រឹងមាំក្នុងកិច្ចការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្រៅពីតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បានប្រគល់ឲ្យ ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេស ការអប់រំចិត្តសាស្រ្ត ពង្រឹងវិន័យ អត្តចរិត សីលធម៌ និងគោរពច្បាប់រដ្ឋ ដើម្បីឲ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបញ្ហា និងស្ថានភាពនានាដែលកើតមានឡើង ក៏ដូចជាការកសាងសំណង់បច្ចេកទេសនានា ដែលបម្រើឲ្យការហ្វឹកហ្វឺន។

នេះ​ជាប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆត្រយោងជំនាន់ទី២៥, បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធB40-B41 អាវុធការពារអាកាសជំនាន់ទី២ និង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសំណង់បច្ចេកទេសហ្វឹកហ្វឺនជំនាញឆ័ត្រយោង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងឱកាលនោះ លោកក៏បាន​ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងខ្លួនខ្ញុំផ្ទាល់ ផ្ញើជូនចំពោះ យោធាចារ្យ សិក្ខាកាម នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមានទីនេះ ក៏ដូចជានៅទូទាំងកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងសិក្ខាកាមជានិស្សិតវិទ្យាស្ថានទ័ពជើងគោកជំនាន់ទី៨ ក្នុងសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត រួមជាមួយនឹងការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងប្រជាជន ថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមានភាពសំបូររុងរឿង។

លោកបន្តថា យើងត្រូវឈរលើមូលដ្ឋាននៃការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំ និងទៀងទាត់ដោយផ្តោតការយកចិត្តទុកដាក់លើគុណភាព និងបរិមាណ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតធនធានមនុស្ស ដែលជាបញ្ហាប្រឈមដែលយើងត្រូវពុះពារជំនះដោះស្រាយ សំដៅកសាងឲ្យបានធនធាន មនុស្សពិត និងគ្រប់គ្រាន់នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ឆន្ទៈប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងភារកិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី ព្រមទាំងចូលរួមបំពេញបេសកកម្មក្នុងតំបន់ និងពិភពលោក។

លោកបន្តលើកឡើងទៀតថា ការហ្វឹកហ្វឺន និងការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាង និងពង្រឹងភាពរឹងមាំលើវិស័យការពារជាតិ និងការធ្វើសមាហរណកម្មកងទ័ពចូលក្នុងសហគមន៍អន្តរជាតិ តាមរយៈការកសាងកងទ័ពកម្ពុជាឲ្យក្លាយជាកងទ័ពមានសមត្ថភាពក្នុងវិជ្ជាជីវៈ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងតំបន់ ពិភពលោក ការពារបូរណភាពទឹកដី និងការអភិវឌ្ឍ ប្រទេសជាតិ។ ការហ្វឹកហ្វឺន គឺសំខាន់ណាស់ក្នុងការធានានូវនិរន្តរភាព និងប្រសិទ្ធិភាពនៃកងកម្លាំងយើងគ្រប់ជំនាន់ក្នុងការបំពេញភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនិងសន្តិសុខ។ ក្នុងដំណាក់កាលនេះ ត្រៀមលក្ខណៈនឹងយកឱកាសមាសនេះ ហ្វឹកហ្វឺនដើម្បីបន្តវេនគ្រប់ជំនាន់។ ទ័ពពិសេសនៅក្នុងសម័យកាលនេះត្រូវតែពង្រីក កសាងលក្ខណៈពិសេស និងប្រវត្តិរាប់រយឆ្នាំទៅមុខទៀត។

ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលកងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១ ដែលបានបំពេញក្នុងរយៈកន្លងមក ជាពិសេសលើការហ្វឹកហ្វឺនជំនាញឆត្រយោងដែលបំរើឲ្យកងឯកភាពផ្សេងទៀត នៃកងយោធពលខេមរភូមិន្ទដែលមកទល់ពេលនេះ។

សូមបញ្ជាក់ថា កងពលតូចឆ័ត្រយោង៩១១ បានបើកវគ្គចំនួន២៤ វគ្គ រួចមកហើយ ដោយមាន១៧ អង្គភាពចូលរួម និងមានចំនួនសិក្ខាកាមសរុបរហូតដល់ ៣៦៨០ នាក់។ ក្នុងនោះកងពលតូច៩១១ ក៏បានចូលរួមបំពេញភារកិច្ចផ្សេងៗជាច្រើនផងដែររួមមាន ការការពារបូរណភាពទឹកដី ការពារសន្តិសុខ ការជួយសង្គ្រោះប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post