header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារយ៉ាងខ្លីទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា «ចាំសេះដុះស្នែង បានវាកើត ឬដោះលែង លោក កឹម សុខា» ។

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃទី៦ វិច្ឆិកាថា នៅថ្ងៃទី២៩ ធ្នូខាងមុខនេះ លោក កឹម សុខា នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

យ៉ាងណាក្តីនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺន នាក់នៅក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១៨ នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា គ្មានការលើកលែងទោស ឲ្យលោក កឹម សុខា ដូចអ្វីដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

សម្តេចបានលើកឡើងថា លោក សម រង្ស៊ី គឺជាមនុស្សពូកែបោកប្រាស់អ្នកគាំទ្រ ដើម្បីចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ។

សម្តេចតេជោ បញ្ជាក់ថា «លោកម្នាក់នោះ (សម រង្ស៊ី) ដែលរត់ចោលគុក បានបង្ហោះថា ថ្ងៃ២៩ ខែធ្នូ ខាងមុខនេះ នឹងមានការដោះលែងអ្នកទោស (កឹម សុខា)។ អានេះពិតជាចេះបោកចិ​ញ្ចឹមឆ្នាំង។ ចាំមើលទៅ អ្នកជឿ ចាំមើលទៅ និយាយឲ្យចំ​ទៅ គេហៅថា អាហ្នឹងហៅគាត់បង មិនត្រូវ ហៅអា ក៏មិនត្រូវ ហៅអន្ទិត ក៏មិនកើត ហៅ សម រង្ស៊ី ហ្មងទៅ! គាត់បង្ហោះហ្វេសប៊ុកថា ថ្ងៃ២៩ នេះ លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា ដែល​គាត់ ហៅថានេះជា​ខួបទី២០ នៃនយោបាយឈ្នះឈ្នះ! ហែងចាំមើលៗ ហើយអ្នកគាំទ្រ អ្នកឯង ចាំមើល ខ្ញុំគ្រាន់បញ្ជាក់ប៉ុណ្ណឹងទេ អាមេខ្លួនឯងបោកកូនខ្លួនឯងប៉ុណ្ណា ដើម្បីឲ្យដឹង»

សម្តេច ក៏បានលើកឡើងថា ករណីលោក កឹម សុខា មិនទាន់មាន​ទោសក្នុងការលើកលែងនោះទេ ព្រោះតុលាការមិនទាន់បានចោទប្រកាន់លើលោក កឹម សុខា នោះទេ អីចឹង​គ្មានការលើកលែងទោសទេ។

សម្តេចបញ្ជាក់ថា «គ្រាន់តែច្បាប់លោកឯង(សម រង្ស៊ី)មិនយល់ផង! មានទោសឯណាសម្រាប់លើក បើវាមិនទាន់កាត់ទោសផងហ្នឹង «…» អីញ្ចឹងទេ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលណាក៏ដោយស្ថិតនៅក្នុងក្របខ័ណ្ឌនៃពិរុទ្ធជន ឬក៏សាលាក្រមមិនទាន់ចូលស្ថាពរ អាលូវអ្នកឯងចាំមើល ជាពិសេសនោះបងប្អូនគាំទ្រអាម្សៀនឹងចាំមើល។ ខ្ញុំផ្ញើសារដ៏ខ្លីថា «ចាំសេះដុះ​ស្នែង បានវាកើត»

សម្តេចក៏បានចំអកទៅកាន់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែកើតស្រេះ ដោយគេងគិតតែរកក្បួនខូច ដើម្បីបង្ហោះលេង។ យ៉ាងណាក្តី សម្តេច ក៏គូសបញ្ជាក់ប្រាប់ទៅលោកសម រង្ស៊ីថា ការបង្ហោះថា លោក កឹម សុខា នឹងត្រូវដោះលែងថ្ងៃទី២៩ ធ្នូ ខាងមុខនេះ ជាការបង្ហោះខាតបង់​ទៅវិញទេ។

សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា « អាបង្ហោះភូតនេះ គឺបង្ហោះខាតទៅវិញទេ។ ដល់ពេលអីញ្ចឹង«..» គេថា ហ៊ុន សែន ទទួលសម្ពាធពីអន្តរជាតិ។ អាលូវអញមិនដោះធ្វើអ្វីអញ! នេះ កម្ពុជាឯករាជ្យ»

សម្តេចតេជោ ក៏បានលើកឡើងថា លោក សម រង្ស៊ី គឺជាមនុស្សពូកែភូតកុហក នៅគ្រប់កន្លែង ជាក់ស្តែងនៅពេល សម រង្ស៊ី លើកឡើងថា ទៅកន្លែងណា ដែលហាមឃាត់សម្តេចតេជោ ឬអ្វីៗនោះ សម្តេចបានទៅដល់កន្លែងនោះ ប៉ុន្តែគ្មានការកើតឡើងអ្វីទាល់តែសោះ។

សម្តេចបានគូសបញ្ជាក់ទៀតថា «ភូតនៅអាមេរិកថា មិនឲ្យ ហ៊ុន សែន ជាន់ដី គេថា អង្គ​ការសហប្រជាតិដកអាសនៈកម្ពុជាហើយ ក្រោយមកគេថា គេមិនដកអាសនៈតែមិនឲ្យ ហ៊ុន សែន ចូល ក្រោយប្រកាសធ្វើបាតុកម្ម តែបែរជាប្រកាសដកខ្លួន។ ក្រោយមកទៅអ៊ឺរ៉ុប ទៅភូត នៅអឺរ៉ុបទៀត ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិចាប់ ហ៊ុន សែន តែឯងទៅដល់ក្បែរទីស្នាក់ការ ហ្នឹងអត់ចាប់ផង ។ ភូតអីញ្ចឹង គឺភូតថ្លុកភូតត្រពាំង»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post