header ads

Sponsor

រិទ្ធី

បើយោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានប៉ាន់ប្រមាណថា ក្នុងមួយថ្ងៃៗក្នុងរាជធានី​​ភ្នំពេញ​មានសំរាមកើនឡើងជាង៣ពាន់តោន ដែលត្រូវដឹកទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទាក់ទងនឹងបញ្ហាសំរាមនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យសភាកម្ពុជា បានបញ្ជាក់ថានៅកម្ពុជា សំរាមបានក្លាយទៅជាបញ្ហាសង្គម ថ្ងៃនេះ និងថ្ងៃស្អែក។

ដើម្បីដោះស្រាយបញ្ហានេះបាន លោកបណ្ឌិតសភាចារ្យ សុខ ទូច បានផ្តល់ជម្រើសពីរ៖ សម្រាប់រយៈពេលវែង
១-បញ្ចូលទៅក្នុងប្រព័ន្ធអប់រំ ចេញពីមត្តេយ្យសាលា រហូតដល់ឧត្ដមសិក្សា៖ ភូមិស្អាត រស់នៅស្អាត ២-ស្ត្រីជាម្ដាយ នៅពេលដែលដឹកដៃកូនទៅដើរលេងនៅទីណាក៏ដោយ ត្រូវតែមានថង់ជាប់ខ្លួន នៅពេលដែលកូនបោះសំរាមចោល ត្រូវបង្រៀនឱ្យគេរើសដាក់ថង់ ធ្វើដូច្នេះនៅពេលធំឡើងគេនឹងមិនបោះចោលទៀតទេ។ ៣-ស្ថាប័នដែលពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ ត្រូវយល់ច្បាស់អំពីភាពកខ្វក់ដោយសារសំរាម ព្រោះប្លាស្ទិក វាមិនរលួយទេ ទោះបីជា៥០ឆ្នាំទៅមុខទៀត ក៏វានៅតែជាប្លាស្ទិកដែរ។ ដូច្នេះត្រូវតែបែងចែកសំរាមទៅតាមប្រភេទរបស់វា។ ៤-រថយន្តទាំងអស់ត្រូវមានធុងសំរាម ដើម្បីបង្រៀនកូនចៅឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយនៅពេលទៅដល់ទីតាំងដាក់សំរាម ទើបយកសំរាមទៅបោះចោល ជៀសវាងការបោះសំរាមចោលនៅតាមផ្លូវ។

សម្រាប់រយៈពេលខ្លី៖ ១-ត្រូវរៀបចំច្បាប់ និងអប់រំ ផ្សព្វផ្សាយច្បាប់រយៈពេល៦ខែទៅកាន់គ្រប់ស្រទាប់មហាជន
២- ត្រូវតែផាកពិន័យក្នុងកម្រិតតឹងតែងបំផុត ទៅលើជនណាដែលបោះសំរាមចោលគ្មានសណ្ដាប់ធ្នាប់ ៣-ក្រុមហ៊ុនប្រមូលសំរាមត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ប្រមូល និងដឹកជញ្ជូន ក៏ដូចជាការកែច្នៃសំរាម។ បើក្រុមហ៊ុននោះគ្មានសមត្ថភាពត្រូវដាក់ពិន័យក្រុមហ៊ុននោះ ព្រោះក្រុមហ៊ុននោះបានប្រមូលថវិកាពីគ្រប់ផ្ទះ ក៏ដូចជាស្ថាប័ននានា។

ព្រោះប្រទេសនេះ ជាប្រទេសជាតិរបស់យើងទាំងអស់គ្នា យើងមិនអាចដូរវាបាន ហើយក៏មិនអាចទៅឆ្ងាយពីប្រទេសនេះបានដែរ ដូច្នេះយើងត្រូវរួមគ្នាសម្អាតសម្រាម និងថែរក្សាបរិស្ថាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post