header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្មីៗនេះ មានករណីឆក់កាបូបមួយកើតឡើង បណ្តាលឲ្យស្ត្រីម្នាក់ ដួលម៉ូតូ ហើយបោកទៅនឹងថ្នល់រងរបួសធ្ងន់គួរឲ្យរន្ធត់។ ប៉ុន្តែក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦៖២០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ លើផ្លូវជាតិលេខ6A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៤ថ្ងៃក្រោយមក អាវុធហត្ថរាជធានីភ្នំពេញ បានឃើញព័ត៌មាន ស្តីពីករណីឆក់កាបូបខាងលើ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទើបអាវុធហត្ថចាត់វិធានការស្រាវជ្រាវជាបន្ទាន់ តាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ។ ជាក់ស្ដែង ​រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ មានឈ្មោះ សុខ ពន្លឺ, ឈ្មោះ រស់ សែនវាសនា ហៅ "មិត្ត" និងឈ្មោះ នួន រស្មី ហៅ "តុង" នៅចំណុចភូមិបាក់ខែង និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេ គឺពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះខាងលើពិតប្រាកដមែន ដោយនៅថ្ងៃកើតហេតុ ពួកគេបានធ្វើសកម្មភាពតែ៤នាក់ប៉ុណ្ណោះ តែរយៈកាលកន្លងមក ក្រុមពួកគេមានគ្នា៦នាក់ តែងចេញធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទបានសម្រេចលើដងផ្លូវគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជា តាមបណ្តោយផ្លូវជាតិលេខ6A តំបន់ព្រែកលាប, តំបន់ផ្លូវលីយ៉ុងផាត់, តំបន់វត្តក្តីចាស់, ផ្លូវសហព័ន្ធរុស្សី តំបន់ស្ពានអាកាស៧មករា, តំបន់ក្រោមស្ពានជ្រោយចង្វារ, តំបន់ផ្សារកណ្តាល ខណ្ឌដូនពេញ និងតំបន់ផ្សេងៗទៀត ដែលពួកគេបានជិះឆ្លងកាត់ឃើញស្ថានភាពផ្លូវស្ងាត់ និងមានជនរងគ្រោះធ្វេសប្រហែស។

បច្ចុប្បន្នក្រៅពីក្រុមចោរទាំង៣នាក់​ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ក៏នៅមានបក្ខពួកចោរ៣នាក់ផ្សេងទៀត​ កំពុងរត់គេចផងដែរ ក្នុងនោះមានឈ្មោះ សោម ពេជ្រ ហៅ "ពេជ្រខ្មោច", ឈ្មោះ ពេជ្រ ហៅ "ពេជ្រតូច" និងឈ្មោះ រិទ្ធ ហៅ "លឹប"។ ដោយឡែកឈ្មោះ សោម ពេជ្រ ហៅ "ពេជ្រខ្មោច" ក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅផ្តន្ទាទោសម្តងរួចហើយ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេស នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពេលស៊ើបអង្កេត និងស្តាប់ចម្លើយជនសង្ស័យអស់ពេល៤៨ម៉ោង អាវុធហត្ថរាជធានីភ្នំពេញ បានស្វែងជនរងគ្រោះដែលត្រូវបានក្រុមចោរទាំងនេះ ឆក់កាបូបបណ្តាលឲ្យដួលម៉ូតូ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មកដាក់ពាក្យបណ្តឹងបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសក្រុមចោរទាំងនេះតាមច្បាប់។

ជាមួយគ្នា អាវុធហត្ថរាជធានី ក៏សូមអំពាវនាវដល់មហាជន ប្រសិនបានឃើញ ឬស្គាល់ជនសង្ស័យទាំង៣នាក់ ដែលរត់គេចខ្លួនខាងលើ សូមជួយផ្តល់ដំណឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ 017 81 81 71 ឬសមត្ថកិច្ចដែលនៅជិតលោកអ្នក ដោយសមត្ថកិច្ចធានារក្សាការសម្ងាត់ជូន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post