header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​វ័យ​ប្រហែល​២៥ឆ្នាំ​ម្នាក់ ​សង្ស័យ​ស្រវឹង​ស្រា បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​បោះ​ពួយ​យ៉ាង​លឿន​ដូចហោះ​ ​រេចង្កូត​ទៅ​បុក​របាំងថ្ម​ទ្រូងផ្លូវ និងបន្តហោះឆ្លងផ្លូវម្ខាងទៀត ​ទៅបុកនឹង​ដើមផ្កា​រំយោល​មួយដើម ​រួម​ទាំង​របងសាលា​​មួយផ្ទាំង​ផងនោះ បណ្តាលឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​អស់ទាំង​ស្រុង​យ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដល់ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យក្រុង ចេញអន្តរាគមន៍ជួយបាញ់ពន្លត់ ​កាលពីវេលា​ម៉ោង​១០​៖៥០នាទី ​យប់ថ្ងៃ​ទី៧​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាង​មុខ​វិទ្យា​ល័យ​ ជាស៊ីម សាមគ្គី តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ខេមប៉ុស្តិ៍​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ ទំនង​ជា​ស្រវឹង​ស្រា បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡង់គ្រីស័រ​ ស៊េរី​ឆ្នាំ២០១៨ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2V-0079 ធ្វើដំណើរតាម​បណ្តោយផ្លូវ​២៧១​ ទិស​ដៅពីត្បូងទៅជើងក្នុង​លឿន​យ៉ាង​លឿនដូចហោះ​។ លុះមកដល់ចំណុច​កើត​ហេតុ ដែលផ្លូវ​មាន​ស្ថានភាព​កោង​បន្តិចផងនោះ ស្រាប់​តែ​រថយន្ត​បានរេចង្កូតទៅ​ខាងឆ្វេងបុកនឹងរបាំងថ្ម​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​ឆែបអស់មួយ​ចំណិត​ធំ​ល្មម ហើយហោះឆ្លងផ្លូវ​ទៅ​បុកបង្គោល​ថ្ម​របស់​សាលា​​បាក់​អស់​៣ដើម​ និងឡើង​លើឃឿន​ទៅ​បុក​ដើមផ្កា​រំយោល បណ្ដាល​ឲ្យ​បាក់ដាច់ជាពីរកំណាត់។ ដោយរថយន្តមិនទាន់អស់ល្បឿន បន្ទាប់បុកបាក់ដើមផ្កាដាច់ជាពីរកំណាត់ហើយនោះ រថយន្តក៏ខ្ទាតទៅប៉ះរបងសាលាបាក់អស់មួយផ្ទាំងទៀត ទើបរថយន្តក្រឡាប់​ផ្ងារ​ជើង បែរក្បាលត្រឡប់ក្រោយ​ គង​លើដើម​ផ្កា​រំយោល​មួយដើម​ទៀត។

ប្រភព​ដដែល​បន្តថា មួយស្ទុះក្រោយមក គេឃើញបុរសជាអ្នកបើកបររថយន្តបង្កខាងលើ បានវារចេញពីរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយក៏មានផ្សែង​ហុយ​ខ្មួលខ្មាញ់​​លាយឡំ​នឹង​​អណ្ដាត​ភ្លើង​ ចេញមកពីក្នុងរថយន្ត​ខាងលើ​។ ភ្លាមនោះ​ ​ប្រជាពលរដ្ឋ​​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​អស់​ពីរបី​បំពង់ ប៉ុន្តែ​អណ្ដាត​ភ្លើង​នៅ​តែបន្តឆាបឆេះរថយន្តបង្កកាន់តែខ្លាំងៗ​ ទើបប្រជាពលរដ្ឋ​ក៏​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​តែម្ដង។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋាន ​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post