header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ នៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ​នៅឃុំគគីរ បានរាយការណ៍ទៅនគរបាលស្រុកមេមត់ថា បានប្រទះ​ឃើញដៃខាងស្តាំ របស់សាកសព​​មិន​ស្គាល់​អត្តសញ្ញាណ​ ដែលហើមស្អុយរលេះរលួយផុសចេញពីទឹកព្រែក ដោយដាក់ការសង្ស័យថាប្រហែលជាការស្លាប់​នេះ មានរយៈពេលពី​៧​ ទៅ​៨ថ្ងៃ​មក​ហើយ នៅចំណុច​ព្រែក​ចា​ឡង់​ ខាងកើត​ចម្ងាយ៥០០​ម៉ែត្រ ពីភូមិ​ព្រែក​ពួយ ឃុំ​គគីរ ស្រុកមេមត់ ​ខេត្តត្បូងឃ្មុំ។

លោក​វរសេនីយ៍ត្រី ចាន់ ឌុ​ល អធិការរង​ទទួល​ផែនការងារ​ព្រហ្មទណ្ឌ ក្រោយពីបានទទួលព័ត៌មានភ្លាម ក៏បានរាយការណ៍ជូនលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដើម្បីបន្តមានវិធានការ និងរាយការណ៍ជូនលោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត។ ភ្លាមនោះ លោក​ឧត្តមសេនីយ៍ស្នងការ​នគរបាល​ខេត្ត ក៏បានបញ្ជាលោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​ផែនព្រហ្មទណ្ឌ ដឹងនាំកម្លាំងសមត្ថកិច្ច​នគរបាលយុត្តិធម៌ខេត្ត និងស្រុកមេមត់ ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​បន្ទាន់។

នៅពេលចុះដល់កើតហេតុ កម្លាំងជំនាញបានស្រង់សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ដែល​មាន​សភាព​ហើម​ស្អុយចេញពី​​ទឹក​ព្រែក​ជម្រៅលិ​ចត្រឹម​ភ្លៅ​មនុស្ស​ចាស់ដាក់លើគោក ដោយ​មាន​ដុំ​ថ្ម​ធំៗសង្កត់ចំនួន៧​ដុំ ដាក់​រុំ​ដោយ​អាវ។ ហើយ​សមត្ថកិច្ច​បានពិនិត្យនៅលើខ្លួនសាកសពបានឃើញ​មាន​ស្នា​មរឹតក និងជាំ​ក្បាលជង្គង់ខាងស្តាំ ក្រៅពីនោះមិនមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ឡើយ។ នៅ​ជុំវិញ​កន្លែង​កើតហេតុ​ ក្នុង​រង្វង់​៥០​ម៉ែត្រ មិន​មាន​ឃើញ​វត្ថុ​តាង​ណាមួយ ត្រូវ​បាន​បន្សល់​ទុក​សូ​ម្បី​តែ​បន្តិច​។ ចំពោះភិនភាគសាកសពនោះ នៅលើដងខ្លួនមាន​ចាក់​សាក់រូប​នាគនៅ​លើស្មាស្តាំព័ន្ធមកទ្រូងខាងស្តាំ និងដៃខាងឆ្វេងសាក់រូបផ្កាកូលាប រួមនឹងរូបកងចក្រ ស្លៀកខោប៉ារាជើងខ្លីត្រឹមជង្គង់ សក់ស្តើងខ្លី។

បន្ទាប់ពីត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ និងលើខ្លួនសាកសពរួច កម្លាំង​នគរបាលជំនាញផ្នែកយុត្តិធម៌​ស្រុក និង​ព្រហ្មទណ្ឌខេត្ត ​ក៏​បាន​សន្និដ្ឋាន​ថា សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ អាច​ត្រូវមាន​មនុស្ស​ ដែល​ស្គាល់គ្នា​សម្លាប់ពីកន្លែងផ្សេងឆ្ងាយ ហើយ​ដឹក​តាម​មធ្យោបាយ​ណាមួយ​ដោយ​មាន​គ្នា​ជា​ច្រើន​នាក់ សែង​មក​ទម្លាក់​ចូល​ក្នុង​ទឹក​ព្រែក ដើម្បី​បំបាត់ភស្តុតាង។ រហូត​ដល់​ពេល​យប់មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​សាច់ញាតិ​ ហើយពលរដ្ឋ​​នៅ​ក្នុង​ឃុំ​គគីរ ដែលនាំ​គ្នាផ្អើលមក​មើល​សព ក៏បានឆ្លើយប្រាប់ថា មិន​មាន​អ្នក​ណា​ម្នាក់ ​ស្គាល់​នោះ​ទេ និង​មិន​មាន​អ្នកណា​បាត់បង់​សមាជិកគ្រួសារដូច​ភិនភាគ​បែប​នេះ​ដែរ។

ចុងក្រោយសាកសព​ត្រូវ​បាន​លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​ឲ្យ​បង្កើត​គណៈកម្មការចម្រុះ​ សម្រេច​បូជាសព​តាម​ប្រពៃណីយក​ធាតុ​ទុកនៅវត្តក្ងោក ឃុំគគីរ។ ជាមួយ​នោះ ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​មាន​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​មាន​ភិនភាគ ដូច​បាន​រៀបរាប់​ខាងលើ ​សូម​ប្រញាប់​ទាក់ទង​មក​កម្លាំង​នៅ​មូលដ្ឋាន​នោះ ​នឹង​បានដឹង​ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post