header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ បានរងរបួសស្រាល ក្នុងចំណោមគ្នីគ្នាប្រុសស្រីចំនួន៦នាក់ផ្សេងទៀត បាននាំគ្នារត់បាតជើងសព្រាតទាំងភ័យតក់ស្លុត បន្ទាប់ពីនាំគ្នាមកអង្គុយលំហែកាយលេងសោះ ស្រាប់តែត្រូវជនសង្ស័យ១ក្រុមមានបក្ខពួកចំនួន៤នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយដាវសាំមរ៉ៃម្នាក់១ដើមៗ មកធ្វើសកម្មភាពដេញកាប់ប្លន់យ៉ាងសាហាវ យកបានសម្រេចម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរី០១៧មួយគ្រឿង ហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព នៅក្បែរអូតេលសុខា ដោយគ្មានរំខានដល់កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បន្តិចសោះឡើយ នៅយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសេចក្ដីរាយការណ៍ពីជនរងគ្រោះបានឲ្យដឹងថា «ពួកខ្ញុំនាំគ្នាមកអង្គុយលេងសុខៗ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឡេត មិនចាំស្លាកលេខ និងប្រដាប់ដោយដាវសាំមរ៉ៃម្នាក់១ដើមៗ មកធ្វើសកម្មភាពដេញកាប់ពួកខ្ញុំ បណ្ដាលឲ្យនាំគ្នារត់បាតជើងសព្រាតទាំងភ័យតក់ស្លុត និងមិត្តភ័ក្រខ្ញុំម្នាក់បានរងរបួសត្រូវ១ដាវចំដៃហូរឈាម តែមិនធ្ងន់ធ្ងរនោះទេ ដោយខណៈពេលកំពុងតែរត់នោះមិនបានដកសោរម៉ូតូចេញឡើយ ទើបជាឱកាសល្អសម្រាប់ក្រុមជនសង្ស័យយកបាន ដើម្បីជិះរត់គេចខ្លួនបាត់ស្រមោល ដោយគ្មានរំខានដល់កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្តិចសោះឡើយ»

សេចក្ដីរាយការណ៍បន្តថា មុនពេលកើតហេតុ «នៅយប់មិញរំលងអាធ្រាត្រនេះ ពួកខ្ញុំមានគ្នីគ្នាទាំងអស់ប្រុសស្រីចំនួន៦នាក់ បានណាត់ឌុបគ្នាជិះម៉ូតូចំនួន២គ្រឿង ក្នុងបំណងមកលេងកំសាន្ដ ដោយជិះចេញមកពីម្ដុំសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ ដើម្បីមកអង្គុយលេងនៅកន្លែងកើតហេតុ ក្បែរអូតែលសុខា បានត្រឹមតែមួយសន្ទុះប៉ុណ្ណោះ ស្រាប់តែជួបរឿងអកុសលបាត់បង់អស់ម៉ូតូ១គ្រឿង និងរងរបួសបែបនឹង»

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ម៉ូតូ១គ្រឿងដែលត្រូវបានក្រុមជនសង្ស័យ១ក្រុម មកធ្វើសកម្មភាពប្រើដាវដេញវាយកាប់ប្លន់យកទៅបាត់ នោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306 ជារបស់ជនរងគ្រោះឈ្មោះ ហេង ហម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងអគ្គិសនី និងមានស្រុកកំណើតនៅភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទោះបីយ៉ាងណាក៍ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ បានមួយសន្ទុះក្រោយ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ជ្រោយចង្វារ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារប៉ុណ្ណោះ ដើម្បីឲ្យជួយអន្តរាគមន៍ ក្នុងការតាមស្រាវជ្រាវស្វែងរកក្រុមមុខសញ្ញាប្រើដាវកាប់ប្លន់ទាំងនោះ យកមកអនុវត្តផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post