header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ឱសថក្លែងក្លាយពិតជាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់ ជាពិសេសនាពេលបច្ចុប្បន្ននេះមានឱសថដែលលក់តាម Online ជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ពីព្រោះមិនមានប្រភពច្បាស់លាស់ ហើយធ្វើឱ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រង។

ការថ្លែងរបស់សម្តេចតេជោនេះ ធ្វើឡើងក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ ថៃ និងវៀតណាម រួមទាំងប្រទេសចិន ព្រមទាំងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាព នានា តាមបណ្តាលរាជធានី ខេត្ត ភ្ញៀវជាតិ អន្តរជាតិ និងតំណាងវិស័យឯកជនមួយចំនួនចូលរួម ប្រមាណសរុប ៤៥០នាក់។

សន្និសីទនេះ ផ្តោតលើកិច្ចពិភាក្សាអំពីការទប់ស្កាត់ការទំនាក់ទំនង និងលប់បំបាត់នូវឱសថក្លែងក្លាយ និងអន់គុណភាព ដោយបង្កើតឱ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការទំនាក់ទំនងជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភាក្សាអំពីការធ្វើវិនិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសឱ្យធ្ងន់ ចំពោះអ្នកផលិត អ្នកនាំចូល និងអ្នកចរាចណ៍ឱសថក្លែងក្លាយឱ្យស្របតាមសន្ធិសញ្ញា PALEMO ដែលព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយ និង បង្កើតជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post