header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ពេលកន្លងមកភាគីក្រសួងសុខាភិបាល តែងតែចាញ់ក្តី អ្នកលក់ឱសថតាមឱសថស្ថាន និងទីសាធារណៈ ដោយសារការខ្វះធ្វើការសហការគ្នារវាងក្រសួង និងពន្ធដារ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ក្នុងសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” នាព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១៨ នៅសណ្ឋាគារសូហ្វីទែលភូកេត្រា។

សម្តេចបានលើកឡើងថា កម្ពុជានៅកង្វះក្នុងការធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដោយមិននិយាយទៅនឹងប្រទេស ដែលផលិតឱសថនោះទេ។

សម្តេចបញ្ជាក់ថា «ខ្ញុំនៅចាំថា នៅក្នុងទស្សវត្ស៨០ នៅពេលក្រសួងសុខាភិបាល ចុះទៅចាប់ជាមួយនឹងការលក់ឱសថគ្មានសណ្តាប់ធ្នាប់ ហើយគ្មានច្បាប់ត្រឹមត្រូវ។ ខ្ញុំចង់និយាយ នៅពេលក្រសួងសុខាភិបាលចុះចាប់ការលក់ឱសថមិនត្រឹមត្រូវ ជានិច្ចជាកាល ក្រសួងសុខាភិបាលតែងចាញ់អ្នកលក់ នៅពេលក្តីក្តាំគ្នាក្នុងតុលាការ»

សម្តេចបន្ថែមថា ការចាញ់ក្តីរបស់ក្រសួងសុខាភិបាលជាមួយអ្នកលក់ឱសថនោះ ដោយសារតែខាងពន្ធដារបានទៅយកពន្ធពីអ្នកលក់ ដូច្នេះតុលាការមានភស្តុតាងច្បាប់លាស់ថា ខាងពន្ធដារ បានទៅយកពន្ធពីអ្នកលក់។ ដូច្នេះខ្ញុំសូមជម្រាបថា ពេលខ្ញុំកោះហៅតុលាការ ដើម្បីកិច្ចប្រជុំ ខាងតុលាការថា គេលក់ត្រឹមត្រូវដោយខាងពន្ធដារទៅយកពន្ធគេ។

សម្តេចតេជោគូសបញ្ជាក់ថា «នេះបញ្ជាក់ថា ភាគីរដ្ឋនៅមានកង្វះការធ្វើកិច្ចសហប្រតិបត្តិការគ្នា ដូច្នេះហើយក្រោយមកយើងខ្ញុំបានបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ ដោយមាន១៤ស្ថាប័នចូលរួមដោយមានឧបកនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។ បើសិនយើងគ្មានកិច្ចសហការគ្នានោះយើងមិនអាចប្រយុទ្ធប្រឆាំង នឹងឃាតកលាក់មុខនោះបានទេ»

សម្តេចបន្ថែមទៀតថា ឱសថបាននាំចូលមកពីប្រភពផ្សេងគ្នា ហើយមួយផ្នែកធំគឺឱសថហួសការកំណត់ក្នុងប្រើប្រាស់ហើយបានចែកចាយទៅឲ្យប្រជាពលរដ្ឋរៀងៗខ្លួន។ ដូច្នេះហើយបានជាប្រទេសកម្ពុជាជាប្រទេសមួយដែលរងគ្រោះក្នុងចំណោមប្រទេសមួយចំនួនទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post