ដើម្បីអបអរសាទរ និងឆ្លងឆ្នាំសកល រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តឆ្លងឆ្នាំសកល រយៈពេល៣យប់៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីនៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅឆ្នេរឯករាជ្យ។
ព្រឹត្តិការណ៍កម្សាន្តឆ្លងឆ្នាំសកលនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីសភាពាណិជ្ជកម្មខេត្ត។ បើតាមមន្ត្រីខេត្តថ្លែងថា ក្នុងពិធីនេះមានកម្មវិធីប្រគុំតន្ត្រី បាញ់កាំជ្រួច និងការតាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ។
ក្នុងកម្មវិធីប្រគុំតន្ត្រី ក៏មានវត្តមានតារាអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ តារាកំប្លែងនាយ ពែក មី នាយ ក្រឹម រួមទាំងតារាចម្រៀងស្រី ប្រុស ល្បីៗដទៃទៀតជាច្រើនរូប។
ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍កម្សាន្តឆ្លងឆ្នាំសកលនៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុនេះ អ្នកលេងហ្វេសប៊ុឈ្មោះ ថ្ងៃ ថ្ងៃ សំណាង បានលើកឡើងថា៖ មើលចិនផងថា មិនត្រូវចិនដេញកាប់គ្នាពេញឆ្នេរក៏ថាបានហើយអ្នកមកលេងដណ្តើម ផ្ទះពីចិនទើបបានដេក ព្រោះផ្ទះសំណាក់នៅកំពង់សោមសឹងតែ៧០%ហើយចិនជួលអស់ហើយ។ ចំណែកឯ គណនីយឈ្មោះ ឆដាកំពូលឆ្លាត បានសរសេរថា៖ មិចថាអត់កន្លែងគេង? នៅតាមវត្តអារាមខ្វះអីនាំគ្នាទៅគេងទៅអត់អស់លុយទេ។ សុំទោសខ្ញ៉ំcomment លេងសើចទេកុំប្រកាន់ទោសអូសដំណើរខ្ញុំអី។ សូមបងប្អូនមកលេងឱ្យសប្បាយចិត្តនិងមានសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។