header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទូក «ង» ដែលវែងជាងគេនេះ ក៏បានបង្ហាញវត្តមានជូនជនរួមជាតិខ្មែរទាំងអស់ ដែលមកកម្សាន្ដ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ដែលទើបកន្លងទៅថ្មីៗនេះបានទស្សនា​ពីរូបរាង​ ទូកង ដ៏អស្ចារ្យ និងវែងជាងគេលើ ពិភពលោកនៅលើផ្ទៃទន្លេដោយផ្ទាល់ផងដែរ និងបានបង្ហាញឲ្យភ្ញៀវទេសចរអន្ដរជាតិ បានឃើញ បានស្គាល់ និងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ដ្រខ្មែរ។ ហើយ ទូក «ង» ដែលវែងជាងគេនេះ ទើបតែនឹងជាប់កំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក កាលពីថ្មីៗកន្លងទៅនេះ​ ហើយត្រូវបាន​គណៈកម្មការ រៀបចំ​ដង្ហែ​យកមកដាក់តាំងក្នុងរោងទូក ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ និងទេសចរបរទេស បានចូលទស្សនាផ្ទាល់ ដោយឥតគិតថ្លៃ​ អស់រយៈពេល​ជិត១០ថ្ងៃមកហើយ នៅបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុ ឬ​វាល​ព្រះ​មេន ជាប់របងព្រះ​បរមរាជវាំង​ ហើយនៅព្រឹកព្រលឹមថ្ងៃចន្ទ ទី៣ ខែធ្នូ​ ឆ្នាំ២០១៨នេះ ទូកង​ដែលវែងជាងគេនេះ​ ត្រូវបានដង្ហែយកទៅកាន់​កំពង់ផែថ្ម មាត់ទន្លេ ដើម្បី​យកទៅ​តាំងនៅ​បរិវេណ​ចុង​ប៉ម មុខ​សាលាខេត្ត​ព្រៃវែង ព្រមទាំង​រៀបចំ​ជា​សារមន្ទីរ​ សម្រាប់​ដាក់​ទូក​ «​ង​»​ ឯក​នេះ​ផងដែរ​។

សូមបញ្ជាក់ថា​ ទូក «ង» ដែលវែងជាងគេលើពិភពលោក បានដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៨នេះ ដោយសង្កេត​ឃើញថាមានភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ សិស្ស​ និស្សិត​ យុវជន​យុវនារី​ សិល្បករ​ សិល្បការិនី​ ស្ថាប័ន​ អង្គភាព​ និងបងប្អូន​ពុកម៉ែ​ អុំពូមីង​ យាយតាយ៉ាងច្រើន​កុះករ​ មកពីគ្រប់ទិសទី​ បានអញ្ជើញចូលមកទស្សនា និងផ្តិតយករូបភាពទូក ង វែងជាងគេលើពិភពលោក ទុកជា​អនុស្សាវរីយ៍​ជារៀងរាល់ថ្ងៃផងដែរ ទាំងនេះគឺជាការលើកទឹកចិត្តដល់គណៈកម្មការផលិត ក៏ដូចជា បានចូលរួមលើកតម្កើងកិត្យានុភាព នូវស្នាដៃរបស់កូនខ្មែរ លើឆាកអន្តរជាតិ ឲ្យកាន់តែច្បាស់ថា កូនខ្មែរ អាចធ្វើបាន ទូកង ដ៏អស្ចារ្យ និងវែងជាងគេលើ ពិភពលោក (យើងជឿជាក់​លើកម្ពុជា)។

ប្រធាន​គណៈកម្មការ​កសាង​ទូកង​វែង​ជាងគេ​លើ​ពិភពលោក លោក ស សុខា បាន​បញ្ជាក់ថា ទូក​«​ង​» ដែលមាន​ប្រវែង​៨៧.៣​ម៉ែត្រ​នេះ អាចដាក់​ចំណុះ​ទូក​បាន​២៥០​នាក់​។ បើតាម​ប្រធាន​គណៈកម្មការ​ទូកដ​ដែល មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ បានស្នើ​សុំ​យក​ទូក​នេះ​ទៅ​តាំង​បង្ហាញ​នៅក្នុង​ខេត្ត​របស់ខ្លួន តែដោយសារ​ទូក​មាន​ប្រវែង​វែង ងាយ​រក​ការខូចខាត​ពេល​លើក​ចុះឡើង ទើប​មិនអាច​ធ្វើទៅ​រួច​។ លោក ស សុខា បញ្ជាក់​៖«មានការ​សំណូមពរ​ឲ្យ​យក​ទូក​នេះ ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ តែ​អ្វី​ជា​បញ្ហា​គឺ​ការលើក​ចុះឡើង​ទេ ព្រោះ​ទូកវែង វា​អាច​ប្រេះ ហើយ​ពិបាក​ពេល​យើង​យកទៅ​ប្រើ​ក្នុង​ទឹក​វិញ​។ តាមពិតទៅ អ្នក​នៅ​ទី​រួម​ខេត្តព្រៃវែង មិនទាន់​បានឃើញ​ទូក​នេះ​នៅឡើយ​ទេ បាន​ឃើញតែ​អ្នក​នៅ​អ្នក​លឿង ព្រោះ​យើង​បានរៀបចំ​កម្មវិធី​នៅ​ទីនោះ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​យុវជន​ខ្មែរ ចូលរួម​ជាមួយ​ក្រុមយុវជន​យើង​»

អង្គភាព​សារព័ត៌មាន​ CAM POST ​ សូមជម្រាបជូនថា នេះ​មិនមែន​លើកទីមួយ​ឡើយ ដែល​កម្ពុជា​បាន​បំបែក​កំណត់ត្រា ឯតទគ្គ​កម្ម​ពិភពលោក​។ កន្លងមក កម្ពុជា​បាន​បំបែក​កំណត់ត្រាជាច្រើន​រួចមកហើយមានដូចជា នំអន្សម​យក្ស រាំ​ម៉ា​ឌី​ហ្សូ​ន និង​ក្រមា​វែង​មួយ​ពាន់​ម៉ែត្រ ហើយឯតទគ្គកម្មចុងក្រោយដែលកម្ពុជាយើងទើបបំបែកបាននេះគឺ ទូក «ង» ដែលវែងជាងគេលើពិភពលោក ដែលត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»​ ក្រោមការ​ផ្ដួចផ្ដើម​គំនិត​របស់ឯកឧត្តម​ ស​ សុខា អនុប្រធាន​ សហភាពសហព័ន្ធយុវជនកម្ពុជា​ និងជាប្រធាន​គណៈកម្មការ​ផលិតទូក​វែងជាងគេលើពិភពលោក​ ព្រមទាំងថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​គ្រប់ជាន់ថ្នាក់​ និងដោយមានការជួយ​ជ្រោមជ្រែង​ យកចិត្តទុកដាក់​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិង​ធ្វើឡើង​ដោយ​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ (ស.ស.យ.ក) បានចំណាយ​កម្លាំង​មនុស្ស​ចំនួនជាង ១៣,០០០​នាក់ មាន​ទាំង​ខ្មែរ និង​បរទេស​ចូលរួម និង​ធ្វើ​ដោយ​ឧបករណ៍​ប្រើ​ដោយ​ដៃ​ទាំងស្រុង ច្រវា​លាប​ពណ៌ និង​គូររូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា មាន​រំលេច​អក្សរ​ «​រួមគ្នា​ដើម្បីកម្ពុជា​រុងរឿង​» ធ្វើឡើង​ពី​ឈើ​ស្រឡៅ​ដែលមាន​ទម្ងន់​ស្រាល​។ ចំណែក​តួ​ទូក ធ្វើ​ពី​ឈើ​គគីរ​ដែល​ធន់​នឹង​ទឹក​ ហើយត្រូវបានជាប់ឯតទគ្គកម្មពិភព លោក World Guinness Record ជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ហើយទូកនេះ មានប្រវែងរហូតដល់ ៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវបានរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងមានកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនា ដ៏ល្អប្រណិត ដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ឯណោះ ដោយក្នុងនោះ​ ១០០នាក់ មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។

គួររំឭកដែរថា បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ទូក «ង» វែងជាងគេនៅ លើពិភពលោក សម្ដេច​ក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងដល់យុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលបានចូលរួមផ្ដួចផ្ដើមគំនិត និងកសាងទូក «ង» វែងជាងគេលើនៅពិភពលោក រហូតឈានដល់ការបំបែកបាននូវឯតទគ្គកម្ម World Guinness Record​ ដោយបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាចូលរួមអបអរសាទរ និងកោតសរសើរ​ដល់ក្មួយៗទាំងអស់ និងអរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលមានគំនិតផ្ដួចផ្ដើមនេះ ហើយមានបង្កើតគណៈកម្មការត្រឹមត្រូវណាស់ ហើយបើគ្មានការសាមគ្គី ឆន្ទះ ធ្វើមិនបាននោះទេ​ ចឹងហើយបានគេដាក់ថា រួមគ្នាដើម្បីកម្ពុជារុងរឿង-ខ្មែរសាមគ្គី គឺខ្មែរឈ្នះ​ ចឹងពាក្យនេះ​ មានអត្ថន័យជ្រាលជ្រៅណាស់»

សម្ដេចក្រឡាហោម ស ខេង ក៏បានចាត់ទុកថា ការធ្វើទូក «ង» ដែលវែងជាងគេ រហូតបំបែកឯតទគ្គកម្មបាននោះ មិនមែនជារឿងសាមញ្ញនោះទេ ព្រោះបើគ្មានការផ្ដួចផ្ដើមគំនិត គ្មានឆន្ទះ គ្មានការរួបរួមគ្នា គ្មានការតស៊ូ អត់ទ្រាំចំពោះការលំបាក ហើយគ្មានបុព្វហេតុច្បាស់លាស់ទេនោះ គឺមិនអាចធ្វើទូកនេះបានទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post